ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសលើកពីមិត្តដែកថែបចិនថា គិតមក ដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានចំណាយថវិកាអស់ជិត២ពាន់លានដុល្លារហើយជួយកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដូចជា ផ្លូវ ស្ពាន ។
ក្នុងចំណោមទឹកប្រាក់ដល់ច្រើនសន្ធឹកសន្ធាប់នេះគឺកន្លងមក ចិនបានកសាងផ្លូវជាង៣០ខ្សែ មានប្រវែងជាង៣ពាន់គីឡូម៉ែត្រ ។ នេះជាប្រសាសន៍សម្តេចតេជោនៅចំពោះមុខ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត ចិនប្រចាំកម្ពុជា ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៦ ធ្នូ ។
ជាមួយគ្នានេះដោយមិនភ្លេចពីគុណបំណាច់របស់ចិនសម្ដេចតេជោក៏បានផ្ញើសារអមដោយពាក្យថ្លែងអំណរគុណទៅកាន់មិត្តចិនដែលបានចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាផងដែរ។
សម្ដេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា «មិត្តចិនបានជួយយើង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាក់ទងជាមួយនឹង ផ្លូវ ស្ពាន ដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅដែលក្នុងនោះ មកដល់ពេលនេះ មិត្តចិនបានចូលរួមចំណែកជួយសាងសង់ផ្លូវជាងចំនួន៣០ខ្សែ មានប្រវែងជាង៣ពាន់គីឡូម៉ែត្រ ចំណាយថវិកាអស់ជិត២ពាន់លានដុល្លារ»។
ទន្ទឹមនឹងការជួយនេះទៀត សម្ដេចតេជោអះអាងថា នៅមានគម្រោងជាច្រើនទៀតដែលមិត្តចិនជួយអភិវឌ្ឍន៍កម្ពុជា ដោយចំណាយថវិកាជាង៥០០លានដុល្លារ។ រីឯស្ពានធំៗ ចំនួន៩កន្លែងផ្សេងទៀត បានកសាងរួច នឹងកំពុងកសាងជាបន្ដបន្ទាប់ទៀតផងដែរខណៈនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ខាងមុខនឹងបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេង្គខេត្តក្រចេះជាជំនួយពីចិនទៀត៕ ដោយ៖ រិន ចំរើន