គម្រោងផ្លូវជាតិលេខ៤១ប្រកាសបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពនៅថ្ងៃនេះ

ភ្នំពេញ៖ គម្រោងជាតិលេខ៤១ ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ (ថ្នល់ទទឹង) ខេត្តកណ្ដាល រហូតដល់ ចំណុចប្រសព្វផ្លូវជាតិលេខ៣ ស្រុកជុំគិរី ខេត្តកំពត នឹងប្រកាសបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិមួយខ្សែនេះ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

បើតាម ក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងសរុបប្រមាណ ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត ដែលនឹងត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះនឹងសាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន៖ ពង្រីកស្ពានចាស់ចំនួន ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់សរុបចំនួន ៤០ខែ ដែលនឹងបញ្ចប់នៅអំឡុងឆ្នាំ២០២៦។ ការសាងសង់គម្រោងនេះគ្រោងនឹងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

ផ្លូវជាតិលេខ៤១ គឺផ្លូវតភ្ជាប់សេដ្ឋកិច្ចដ៏មានសារៈសំខាន់ដែលឆ្លងកាត់ខេត្តចំនួន ០៤ រួមមាន៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត ដែលផ្លូវនេះក្រោយបញ្ចប់ការសាងសង់ នឹងដើរតួនាទីសំខាន់ក្នុងការជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ព្រមទាំងកសិផល ដំណាំស្រូវ ដំណាំកៅស៊ូ ម្រេច ផលនេសាទ អំបិល និងផ្លែឈើផ្សេងៗ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិផងដែរ៕ ដោយ៖ ពុទ្ធិពល