ភ្នំពេញ ៖ ក្រោយកុមារា ហ៉ឺ ទៀងគីមហុងបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបនិទ្ទេសC ដោយមានក្តីជាប់ចិត្តលើរូបគេនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញថា “បំណងចុងក្រោយរបស់ខ្ញុំគឺបណ្តុះបណ្តាលគីមហុងឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្តដែលមានគុណភាពខ្ពស់ឲ្យខានតែបានដើម្បីរួម ចំណែកកសាងប្រទេសជាតិនិងគ្រួសារ”។
ការបង្ហាញគោលបំណងសម្តេចតេជោនេះ ក្នុងឱកាសអនុញ្ញាតឲ្យគីមហុង និងឪពុក-ម្តាយចូលជួបនៅគេហដ្ឋានសម្តេចផ្ទាល់ នាល្ងាចថ្ងៃ២៤ ធ្នូ។
ក្នុងជំនួបដ៏កម្រក្រោយបង្ហាញលទ្ធផលបាក់ឌុបនេះ សម្តេចតេជោបានលើកឡើងថា ដើម្បីពិភាក្សាជាមួយឳពុកម្តាយនិងគីមហុងសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។
សម្តេចតេជោបន្តថា សម្តេចបានសម្រេចបំណងទីមួយហើយ គឺធ្វើឲ្យគីមហុងជាប់បាក់ឌុបដែលក្មេងជាងគេនៅកម្ពុជា។ បំណងបន្តគឺជួយគីមហុងឲ្យជាប់បរិញ្ញាបត្រនិងបញ្ញាបត្រជាន់ខ្ពស់ដែលក្មេងជាងគេនិងមានសមត្ថភាពល្អនាពេលខាងមុខ។
គីមហុងត្រូវបានសម្តេចតេជោ ហៅថា កុមារទេព ក្រោយសមត្ថភាពគីមហុងពូកែលើមុខវិជ្ជាគណិតវិទ្យា អង់គ្លេសនិងស្រាវជ្រាវតាមអ៊ីនធើណេតជាដើម តាំងពីអាយុ៧ឆ្នាំ ។ គីមហុង ត្រូវបានគេដឹងថា ចេះអានអក្សរតាំងពីអាយុ២ឆ្នាំ។
ដោយសារសមត្ថភាពពូកែតាំងពីក្មេងនេះ សម្តេចក៏ហៅគីមហុងមកជួបផ្ទាល់ផងដែរ កាលពីរូបគេមានអាយុ៧ឆ្នាំ៕ ដោយ៖ រិន ចំរើន