ឆ្កែចចកបង្ហាញខ្លួនឡើងវិញ

ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្សនៅតាមតំបន់ការពារធម្មជាតិនៅភូមិភាគឦសានបានកត់សម្គាល់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅតាមដែនជម្រកសត្វព្រៃរបស់កម្ពុជា ចាប់ផ្ដើមឃើញវត្តមានសត្វឆ្កែចចកឡើងវិញ ក្រោយពីរឹតបន្ដឹងនាំសត្វឆ្កែស្រុកចូលក្នុងព្រៃ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ទឹកមាត់របស់សត្វឆ្កែស្រុកមានមេរោគច្រើន ដែលធ្វើឱ្យឆ្លងជំងឺដល់សត្វឆ្កែចចក និងសត្វព្រៃផ្សេងទៀត ព្រមទាំង ធ្វើឱ្យសត្វព្រៃស្លាប់ បន្ថែមពីលើការលួចប្រមាញ់សត្វដោយខុសច្បាប់ ផងដែរ។ រូបភាពនេះជារូបឆ្កែចចក នៅក្នុងដែនជម្រកសត្វព្រៃកម្ពុជា។

ភិនភាគ៖ ឆ្កែចចក​មាន​រូបរាង​ស្រដៀង​នឹង​ឆ្កែស្រុក​ដែរ ប៉ុន្តែ​តូច​ជាង​ឆ្កែព្រៃ ហើយ​លក្ខណៈ​ពណ៌​មាន​លាយឡំ​ជាមួយ​ប្រផេះ និង​ត្នោត។ ចុងកន្ទុយ​មាន​លក្ខណៈ​សំពោង​ភ្ជាប់​ជាមួយ​រោម​ពណ៌​ក្រ​ម៉ៅ។ វា​មាន​កន្ទុយ​ត្រង់​មិន​ខ្វៀន​ដូន​កន្ទុយ​ឆ្កែស្រុក​ទេ។

ជីវសាស្ត្រ៖ វា​ចូលចិត្ត​រស់នៅ​ព្រៃរបោះ វាលស្មៅ និង​ព្រៃ​ពាក់កណ្តាល​ស្រោង។ ជាទូទៅ​សត្វ​ឈ្មោល​មាន​តួនាទី​ជា​អ្នកមើល​ថែរក្សាកូនតូចៗច្រើនជាង​សត្វ​ញី។ វា​ភាគច្រើន​រកស៊ី​នៅពេល​យប់ ពួកវា​តែងតែ​បញ្ចេញ​សំឡេង​លូ​នៅពេល​យប់​ងងឹត និង​នៅពេល​ព្រឹក​ព្រលឹមស្រាងៗ ហើយ​គេ​បាន​ប្រទះ​ផងដែរ​ពី​វត្តមាន​សត្វ​នេះ​នៅពេល​ថ្ងៃ។ ជាទូទៅ​វា​តែងតែ​ដើរ​តែ​ឯកឯង ពេលខ្លះ​ជា​ក្រុម​តូច ឬ​ជា​គូ​ជាមួយនឹង​កូន​ផងដែរ។ ចំណីអាហារ​របស់​ឆ្កែចចក​មានដូចជា៖ រុក្ខជាតិ ពពួក​ឈ្លូស ប្រើស រមាំង សត្វ​ស្លាប ល្មូ​ន ពពួក​ជល​ថនិកសត្វ ព្រមទាំង​សាកសព​សត្វ​ស្អុយរលួយ និង​ចំណី​ដែល​ស​ន្ស​ល់​ទុក​ពី​សត្វ​ដទៃ។ វា​បង្កាត់​ពួជ​ជា​រៀងរាល់ឆ្នាំ ជាទូទៅ​មានកូន​ពី ៤-៥ក្បាល បន្ទាប់ពី​ពពោះ​រយៈពេល​ពីរ​ខែ។ ឈ្មោល និង​ញី​មាន​ភារៈកិច្ច​ស្វែងរក​ចំណី​ឱ្យកូន។ សត្វ​ប្រភេទ​នេះ អាចមាន​ជីវិត​រស់នៅ​រហូតដល់​អាយុ ១៦ឆ្នាំ។

របាយ​រស់នៅ៖ ឆ្កែ​ច​ចកា​មាន​វត្ត​មាននៅ​ភូមិភាគ​ខាងជើង និង​ឦសាន​នៃ​ប្រទេស​កម្ពុជា។ គេ​រកឃើញ​ផងដែរ​នៅ​អាហ្វ្រិក​ខាងកើត និង​ខាងជើង ប្រទេស​ប៉ា​គី​ស្ថាន ប្រទេស​ឥណ្ឌា ភាគខាងត្បូង​អឺរ៉ុប ប្រទេស​ភូមា​ភាគ​ខាងជើង និង​ភាគ​ខាងលិច​នៃ​ប្រទេស​ថៃ។

ស្ថានភាព​អភិរក្ស៖ ឆ្កែចចក​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ និង​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LC) ជា​ប្រភេទ​រងគ្រោះថ្នាក់​តិចតួច។ ឆ្កែចចក​កំពុង​រងគ្រោះ​ដោយសារ​ការ ទាក់​ចាប់ និង​បាត់បង់​ជម្រក​ដែល​ធ្លាប់តែ​រក​ចំណី និង​រស់នៅ៕

រូបភាពអង្គការ WCS