ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធានានូវសន្តិភាព ស្ថិរភាពជូនអ្នកវិនិយោគ បរទេសគ្រប់រូបដែលចង់មករកស៊ីនៅកម្ពុជា ។
ស្របពេលសម្តេចធានានេះ សម្តេចក៏បានអំពាវនាវឱ្យក្រុមហ៊ុនបារាំង អញ្ជើញមកធ្វើការសិក្សាស្វែងយល់ និងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទាញយកប្រយោជន៍ ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគី និងពហុភាគីនានា ជាពិសេសក្នុងវិស័យកែច្នៃ ចំណីអាហារ វិស័យវេជ្ជសាស្រ្តនិងឱសថ វិស័យកម្មន្តសាលធុនស្រាល និងវិស័យយានយន្តជាដើម។
នេះជាប្រសាសន៍សម្តេចតេជោ ក្នុងកិច្ចប្រជុំរៀបចំ ឡើងដោយសហព័ន្ធនិយោជកបារាំងអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចនៅបារាំងដែលក្រសួងការបរទេសខ្មែរបង្ហាញលទ្ធផលនាថ្ងៃ១៦ ធ្នូ។
ជាមួយគ្នានេះ ដើម្បីទាក់ទាញវិនិយោគ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរអំពីសក្ដានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជា ។
សម្តេចតេជោ ក៏បានធានាជូនវិនិយោគិនគ្រប់រូបនូវ បរិស្ថានវិនិយោគប្រកបដោយភាពអំណោយផល ជាពិសេស សន្តិភាព សន្តិសុខ និងស្ថិរភាព នយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌច្បាប់ ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕ ដោយ៖ រិន ចំរើន