ភ្នំពេញ ៖ គណៈកម្មការអន្ដរក្រសួងជំរុញ និងត្រួតពិនិត្យការងារអធិការកិច្ចហត្ថពលកម្មបរទេស នឹងលេច ចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះហើយ។
គម្រោងលេចចេញនៃគណៈកម្មការនេះ ក្រោយពី សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួង នាថ្ងៃ១៦ ធ្នូ។
គណៈកម្មការអន្តរក្រសួងនេះ បង្កើតឡើងក្នុងគោលបំណងដឹកនាំពង្រឹងការងារអធិការកិច្ចហត្ថពលកម្មបរទេសនៅកម្ពុជា ឱ្យមានប្រសិទ្ធភាពខ្ពស់ស្រប តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីជំរុញការងារអធិការកិច្ចហត្ថពលកម្មបរទេស និងផ្សព្វផ្សាយគោលការណ៍ វិធានការពាក់ព័ន្ធនៅតាមសហគ្រាស គ្រឹះស្ថាន កាស៊ីណូ ក្លឹបកម្សាន្តនានា។
សម្ដេចស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងមហាផ្ទៃ បានសម្ដែងការកោតសរសើរចំពោះថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនានា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត បានខិតខំប្រឹងប្រែងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសនាពេលកន្លងមក សំដៅពង្រឹងការអនុវត្តច្បាប់ការងារនៅកម្ពុជា។
សម្ដេចក៏បានណែនាំអំពីរបៀបរបបធ្វើការងារ ក្នុងពេលបំពេញបេសកម្មការងារនេះ ក្នុងនោះសម្តេចណែនាំគណៈកម្មការអន្ដរក្រសួង ត្រូវជំរុញ និងត្រួតពិនិត្យការងារធ្វើអធិការកិច្ចហត្ថពលកម្មបរទេស គណៈបញ្ជាការដឹកនាំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងក្រុមការងារបង្ក្រាបល្បែងស៊ីសង់ខុសច្បាប់ ត្រូវធ្វើយ៉ាងណាបំពេញការងារឱ្យមានប្រសិទ្ធភាព៕
ដោយ៖ រិន ចំរើន