ភ្នំពេញ៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មនិងស្រាវជ្រាវ(TTRI) នៃក្រសួងពាណិជ្ជកម្មកម្ពុជា និង មជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) នៃប្រទេសហូឡង់ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បី លើកកម្ពស់ការផ្សព្វផ្សាយចំណេះដឹងផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងនីតិវិធីពាក់ព័ន្ធ សម្រាប់ជំរុញពាណិជ្ជកម្មរបស់កម្ពុជា។
លោកស្រី ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងក្នុងពិធីចុះអនុស្សារណនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ឱ្យដឹងថា ក្រោយការចុះហត្ថលេខាលើ MoU នេះ ភាគីទាំងពីរនឹងមានសកម្មភាពជាច្រើនដើម្បីអនុវត្តជាប្រចាំ រួមមាន សិក្ខាសាលា ការស្រាវជ្រាវ និងការបណ្តុះបណ្តាលអាជីវកម្មសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដើម្បីជំរុញការនាំចេញពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប ជាពិសេសប្រទេសហូឡង់។
លោកស្រីបន្តថា MoU នេះនឹងមានកិច្ចសហការលើគម្រោង ដូចជា៖ ១) គម្រោងបង្កើតផែនការអាជីវកម្មថ្មីរបស់ TTRI ឆ្នាំ២០២៣-២០២៨; ២) គម្រោងបង្កើតមជ្ឈមណ្ឌលប្រឹក្សាយោបល់សហគ្រាសធុនតូចនិងមធ្យម; ៣)គម្រោងបណ្តុះបណ្តាលសហគ្រាសធុនតូចនិងមធ្យមដើម្បីជំរុញការនាំចេញ; ៤) គម្រោងគាំទ្រការបង្កើតហេដ្ឋារចនាសម្ព័ន្ធ IT ថ្មីៗរបស់វិទ្យាស្ថាន TTRI រួមមានថ្នាលរៀនអេឡិចត្រូនិក បណ្ណាល័យអេឡិចត្រូនិក និងគេហទំព័រថ្មី; និង ៥) គម្រោងលើការស្រាវជ្រាវពាណិជ្ជកម្ម និងការបោះពុម្ពផ្សាយ។ ភាគីទាំងពីរក៏បើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងគម្រោងផ្សេងទៀតនាពេលខាងមុខអាស្រ័យស្ថានភាពជាក់ស្តែង។
មជ្ឈមណ្ឌល CBI ជាស្ថាប័នមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីពាណិជ្ជកម្មក្រៅប្រទេស និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ នៃក្រសួងការបរទេសហូឡង់។ មជ្ឍមណ្ឌលនេះក៏មានប្រតិបត្តិការនៅប្រទេសឡាវ ឥណ្ឌូនេស៊ី និងបង់ក្លាដែស និងមានតួនាទីស្នូលក្នុងការគាំទ្រជាបច្ចេកទេស និងហិរញ្ញវត្ថុដល់ដំណើរបរិវត្តកម្មសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពនៅប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈការបង្កើនជំនាញ និងសក្តានុពលនៃសហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសទាំងនេះ សម្រាប់ផលិតដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។
ក្រៅពីការចុះ MoU ជាមួយមជ្ឍមណ្ឌល CBI, វិទ្យាស្ថាន TTRI ក៏បានចុះ MoU ជាមួយស្ថាប័នអន្តរជាតិមួយចំនួនថ្មីៗនេះ រួមមាន Team Synergy Co., Ltd និង វិទ្យាស្ថានសម្រាប់ពាណិជ្ជកម្មអន្តរជាតិ (ITD) ជាដើម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាល និងស្រាវជ្រាវក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕ ដោយ៖ រិន ចំរើន