ភ្នំពេញ ៖ ក្នុងនាមប្រធានអាស៊ានជិតបញ្ចប់ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបង្ហាញការជឿជាក់ថា អាស៊ាន និងសហភាពអឺរ៉ុប (EU)ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ប្រកបដោយបរិយាបន្ន ភាពបើកចំហ តម្លាភាព និងការផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។
ក្នុងពិធីបើកកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុបនាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា សម្ដេចតេជោបានមានប្រសាសន៍ថា ស្មារតីមនសិកា និងបំណងប្រាថ្នារួម ចំពោះសន្តិភាព និងវិបុលភាពក្នុងតំបន់ទាំងពីរ (អាស៊ាន-សហភាពអឺរ៉ុប) បាននាំមកការបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រ ប្រកបដោយភាពជោគជ័យ ជាមួយនឹងផែនការសកម្មភាព ឆ្នាំ២០២៣-២០២៧ ដែលមានភាពច្បាស់លាស់ និងគ្របដណ្តប់យ៉ាងទូលំទូលាយទៅលើផ្នែកជាច្រើននៃកិច្ចសហប្រតិបត្តិការ ក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន។
សម្ដេចតេជោថា កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នេះ ត្រូវបានរៀបចំឡើង ក្នុងពេលពហុភាគីនិយម បាននិងកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៀតនោះគឺ សន្តិភាពសកល ក៏បាននិងកំពុងទទួលរងការគំរាមកំហែង ដោយសកម្មភាពរបស់រដ្ឋមួយចំនួនដែលបំពានដោយបើកចំហលើ ច្បាប់, បទដ្ឋាន និងគោលការណ៍អន្តរជាតិដែលត្រូវបានទទួលស្គាល់ជាសកល។
សម្តេចតេជោបន្តថា «ខ្ញុំជឿជាក់ថា អាស៊ាន និងសហ ភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ប្រកបដោយបរិយាបន្ន, ភាពបើកចំហ, តម្លាភាព និងការផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ក្នុងនាមជាប្លុកតំបន់ពីរដែលផ្អែកលើច្បាប់ និងមានការទទួលខុសត្រូវអាស៊ាន និងសហភាពអឺរ៉ុប ត្រូវប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីការពារ និងលើកកម្ពស់ធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងច្បាប់, បទដ្ឋាន និងគោលការណ៍ដែលត្រូវបានទទួលស្គាល់ជាសកលដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការកសាងសន្តិភាព ស្ថិរភាព និងការធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃជីវិត និងជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់របស់យើងក៏ដូចជាពិភពលោក»។
សម្ដេចបន្ថែមថា ជាមួយនឹងការកត់សម្គាល់ផ្ទាល់ និងបទពិសោធន៍នៃករណីជម្លោះ ដែលបានអូសបន្លាយ និងបង្កជាសោកនាដកម្ម នៅកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន មិនដែលជឿថា «យើងអាចគេមិនអាចសម្រេចបាននូវសន្តិភាព តាមរយៈការធ្វើសង្គ្រាម ឬការគំរាមបង្កសង្គ្រាមនោះឡើយ»។ ក្នុងន័យនេះ សម្ដេច សង្ឃឹមដោយស្មោះថា «យើងគួរតែកំណត់ការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា និង ការពិគ្រោះយោបល់ជាវិធីសាស្ត្ររួមរបស់យើង»៕ ដោយ៖ រិន ចំរើន