លោក ម៉ាក្រុង ស្ញប់ស្ញែងទឹកចិត្តសម្តេចតេជោ ក្នុងសង្គ្រាមនៅអ៊ុយក្រែន

ភ្នំពេញ ៖ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន នៅតែជាប្រធានបទដែលអ្នកពាក់ព័ន្ធចាប់អារម្មណ៍ ចំពោះករណីនេះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងបានបង្ហាញការស្ញប់ស្ញែងចំពោះទឹកចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ចំពោះបញ្ហាអ៊ុយក្រែននេះ សម្តេចបានគាំទ្រអ៊ុយក្រែន ប្រឆាំងរុស្ស៊ីដែលឈ្លានពានកាលពីដើមឆ្នាំ២០២២។

ក្នុងសន្និសីទព័ត៌មានរួមគ្នានៅវិមានអេលីហ្សេ ប្រទេសបារាំង ជាមួយសម្តេចតេជោ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោកប្រធានាធិបតីបារាំង បានគូសបញ្ជាក់ថា «អរគុណ និងស្ញប់ស្ញែងចំពោះទឹកចិត្តរបស់សម្តេចតេជោ ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ខណៈដែលសង្គ្រាមកំពុងកើតឡើងនៅអឺរ៉ុប សម្តេចបានសម្រេចចិត្តអញ្ជើញមកទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងសន្និសីទស្តីពីការគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែន នៅក្នុងក្របខណ្ឌនៃការបន្តអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសការធ្វើទុក្ខបុកម្នេញរបស់ប្រទេសរុស្ស៉ី និងដើម្បីការពារសន្តិភាពជានិរន្ត។ ខ្ញុំសូមអរគុណសម្តេចជាឱឡារិក»។

លោកប្រធានាធិបតីក៏បានគូសរំលេចផងដែរថា ការជួបសម្តេចតេជោ ក៏អនុញ្ញាតឱ្យភាគីទាំងពីរអាចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក។

លោកប្រធានធិបតី ក៏បានកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ។ លោកថា នេះជាគំរូដ៏គួរឱ្យកត់សម្គាល់របស់ប្រទេសមួយក្នុងការចាត់ចែងការអភិវឌ្ឍដ៏លឿន ដោយគិតគូរពីគោលនយោបាយថាមពលដ៏ល្អអស្ចារ្យ៕ ដោយ៖ រិន ចំរើន