សម្តេចតេជោ បង្ហើបប្រាប់ប្រធានាធិបតីបារាំងពីគម្រោងសាងសង់រូបសំណាកមិត្តភាព កម្ពុជា-បារាំង ឡើងវិញ

ប៉ារីស៖ក្នុងសន្និសីទព័ត៌មាន នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២២ នៅឯទីក្រុងប៉ារីសប្រទេសបារាំង សម្តេចតេជោ ហ៊ុន សែន បានបង្ហើបប្រាប់ប្រធានាធិបតីបារាំងអំពីការរកឃើញរូបសំណាកមិត្តភាពកម្ពុជា-បារាំង ហើយគ្រោងនឹងសាងសង់រូបសំណាកនោះឡើងវិញ នៅមុខស្ថានទូតបារាំងក្នុងរាជធានីភ្នំពេញ។

បើតាមសម្តេចតេជោ រូបសំណាកនេះត្រូវបានប្រទះឃើញ៣ថ្ងៃមុន ដំណើរសម្តេចតេជោទៅកាន់ប្រទេសបារាំង។ រូបសំណាកនេះ ត្រូវបានសាងសង់ក្នុងឆ្នាំ១៩២៥ ហើយត្រូវបានខ្មែរក្រហមវាយកម្ទេចចោលក្នុងឆ្នាំ ១៩៧៧។

សម្តេចតេជោ បានថ្លែងបញ្ជាក់ថា «សម្តេចបានយល់ព្រមជាមួយរដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មរួចហើយ យើងនឹងកសាងរូបសំណាកនេះឡើងវិញ ដែលជានិមិត្តរូបនៃការសាមគ្គីភាពរវាងបារាំង និងកម្ពុជា ហើយដាក់នៅទល់មុខស្ថានទូតបារាំងតែម្ដង។ សង្ឃឹមថា លោកប្រធានាធិបតី មិនជំទាស់នឹងគម្រោងនេះទេ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកសំណើឱ្យមានការជជែកគ្នាឡើងវិញ ក្នុងការកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៃការបង្កើតទំនាក់ទំនងការទូតរវាងបារាំង និងកម្ពុជា។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតគូសរំលេចពីការទស្សន៍ទាយរបស់សម្តេច ពាក់ព័ន្ធការប្រកួតបាល់ទាត់ពិភពលោក។ សម្តេចតេជោ បានប្រាប់ប្រធានាធិបតីពីក្តីរំពឹងថា បារាំង នឹងលើកពាន ហើយសម្តេចតេជោ ក៏បានជូនពរបារាំងឱ្យលើកពានបាល់ទាត់ពិភពលោកឆ្នាំ២០២២នេះផងដែរ៕ដោយ៖ គង់ សេដ្ឋាមុនី