លោក ជិន ម៉ាលីន ចូលរួមក្នុងសន្និសីទសន្ធានកម្ម អាស៊ីប៉ាស៊ីហ្វិកលើកទី VII ស្ដីពី «នវានុវត្តន៍ក្នុងវិស័យសន្ធានកម្ម» នៅទីក្រុងសេអ៊ូល

ភ្នំពេញ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំសហការីក្រសួងយុត្តិធម៌អញ្ជើញចូលរួមក្នុងសន្និសីទសន្ធានកម្ម អាស៊ីប៉ាស៊ីហ្វិកលើកទី VII ស្តីពី “នវានុវត្តន៍ក្នុងវិស័យសន្ធានកម្ម – VII Asia Pacific Conference on Innovation in Mediation” នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងយុត្តិធម៌កម្ពុជានិងសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នេះ។

សិក្ខាសាលានេះ មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍ពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការពង្រឹងនិងពង្រីកនវានុវត្តន៍ក្នុងវិស័យសន្ធានកម្ម ដោយមានការអញ្ជើញចូលរួមពីអ្នកជំនាញនិងតំណាងមកពីក្រសួងយុត្តិធម៌កូរ៉េ កម្ពុជា និង វៀតណាម ក្រសួងច្បាប់សឹង្ហបុរី ក្រុមប្រឹក្សាភិបាលមជ្ឈត្តកម្មពាណិជ្ជកម្មកូរ៉េ មជ្ឈមណ្ឌលសន្ធានកម្មអន្តរជាតិកូរ៉េនិងសិង្ហបុរី វិទ្យាស្ថានយុត្តិធម៌និងឧក្រឹដ្ឋវិទ្យា សមាគមសិក្សាសន្ធានកម្មកូរ៉េ សាកលវិទ្យាល័យកូរ៉េ និងក្រុមហ៊ុនមេធាវីកូរ៉េ និងសឹង្ហបុរី៕ ដោយ៖ សៀងហៃ