សៀមរាប៖ សិស្សានុសិស្ស និងមន្ដ្រីអាជ្ញាធរជាតិអប្សរាជិត ១ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ បានធ្វើព្យុះហយាត្រាដង្ហែក្បួន ដើម្បីឱ្យសាធារណជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ អ្នកទេសចរជាតិអន្ដរជាតិ ឱ្យមានការរំលឹកគុណដល់ប្រាសាទអង្គរ ព្រោះប្រាសាទអង្គរ ជាបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជាន់ក្រោយ។
មន្ទីរព័ត៌មានខេត្តសៀមរាបបានផ្សព្វផ្សាយថា ការដង្ហែក្បួននេះ ធ្វើឡើងចេញពីខាងមុខប្រាសាទអង្គរឆ្ពោះទៅកាន់ក្លោងទ្វារក្រុងអង្គរធំ ឬក្លោងទ្វារទន្លេអុំ ដោយមានកាន់នូវបដា ជាភាសារខ្មែរផង និងភាសាបរទេសផង ដែលរំលេចដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់ប្រាសាទអង្គរ ដូចជា អង្គរជាដួងប្រលឹង និងជាអត្ដសញ្ញាណជាតិ អបអរសាទរពិធីបុណ្យរំលឹកគុណអង្គរ វប្បធម៌ជាមូលដ្ឋានគ្រិះនៃសន្ដិភាព និងការអភិវឌ្ឍនសេដ្ឋកិច្ចសង្គមជាដើម ។
លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ព្យុះហយាត្រា ដែលមានមនុស្សចូលរួមជិតមួយពាន់នេះ ធ្វើឡើងជាលើកទី១ នៃពិធីបុណ្យរំលឹកគុណអង្គរ ហើយជាសារមួយបង្ហាញថា កូនខ្មែរគ្រប់រូបបានតបស្នងសងគុណដល់បុព្វបុរស ក៏ដូចជាអតីតព្រះមហាក្សត្រខ្មែរ ដែលបានកសាងប្រាសាទអង្គរទុកឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ ដែលប្រាសាទអង្គរជាបេតិកភណ្ឌរស់រវើក ដែលមិនអាចកាត់ថ្លៃបាន។
លោក អគ្គនាយកអាជ្ញាធរជាតិអប្សរា បន្ដថា សម័យបច្ចេកវិទ្យាទំនើបនេះ ប្រទេសនៅលើពិភពលោកក៏អាចចម្លង ឬកសាងប្រាសាទថ្មីធំៗបានដែរ ប៉ុន្ដែការសាង់ថ្មី គឺគ្មានតម្លៃ និងគ្មានន័យ ដូចប្រាសាទរបស់កម្ពុជាបានឡើយ ព្រោះប្រាសាទនេះមានអាយុកាលជាច្រើនពាន់ឆ្នាំមកហើយ ហើយក៏ជាដួងព្រឹលឹង និងអត្ដសញ្ញាណជាតិរបស់ខ្មែរ។ លោក អគ្គនាយកអាជ្ញាធរជាតិអប្សរា បន្ថែមថា ការបង្កើតបេតិកភណ្ឌនេះមិនមែនចេះតែកើតឡើងដោយចៃដន្យនោះទេ គឺបុព្វបុរសខ្មែរបានគិតគូរខ្ពស់បំផុតនូវអ្វីដែលមានប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បន្ថែមទៀតថា វប្បធម៌ អរិយធម៌ ដែលជាដួងព្រលឹងរបស់ខ្មែរមានច្រើនមហិមា មិនថាតែមានអាយុរាប់រយឆ្នាំ ឬរាប់ពាន់ឆ្នាំនោះទេ ដូចនេះ កូនខ្មែរគ្រប់រូបត្រូវដឹងគុណអង្គរ ដែលពាក្យមានន័យទូលំទូលាយបំផុត សម្រាប់មនុស្សជំនាន់ក្រោយត្រូវចូលរួមការអភិរក្ស និងអភិវឌ្ឍន៍ឱ្យបានគង់វង្ស។
សូមជម្រាបថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរ ធ្វើឡើងរយ:ពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ និងជាឆ្នាំទីពីរហើយ ដែលរៀបចំឡើងក្នុងគោលបំណង ដើម្បីរំលឹកគុណអង្គរ ព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជន ដែលលោកបានកសាង និងថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃ៕ ដោយ៖ គង់ សេដ្ឋាមុនី