កម្មវិធី CAP RED របស់អូស្រ្តាលី នឹងសហការអនុវត្តរួមគ្នារវាង វិស័យឯកជន និង រាជរដ្ឋាភិបាលកម្ពុជាដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ច

ភ្នំពេញ៖ លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា កម្មវិធី CAP RED នឹងសហការអនុវត្តរួមគ្នារវាង វិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព, ភាពធន់ និងបរិយាប័ន្ន ដោយផ្តោតលើវិស័យគោលចំនួន ៤ គឺ ១.ហេដ្ឋារចនាសម្ព័ន្ធ; ២.ពាណិជ្ជកម្ម និងវិនិយោគ; ៣.កសិកម្ម និងកសិឧស្សាហកម្ម; និង ៤.យេនឌ័រ និងបរិយាប័ន្ន។

ក្នុងជំនួបសំដែងការគួរសម មុននឹងត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនាពេលឆាប់ៗខាងមុខ និង ដើម្បីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធី CAP RED ជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ លោក Pablo Kang បានបញ្ជាក់ថា កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ហៅកាត់ថា CAP RED ត្រូវបានហិរញ្ញប្បទានតាមរយ:មូលនិធិពីក្រសួងការបរទេស និងពាណិជ្ជកម្ម នៃរដ្ឋាភិបាលអូស្រ្តាលី តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នូវហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៨៧ លាន ដុល្លារអូស្រ្តាលី (ប្រមាណ ៦៥ លាន ដុល្លារអាមេរិក) សម្រាប់រយៈពេល ៥ ឆ្នាំ គិតចាប់ពីខែមិថុនា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៧។

លោក ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្ម ការទូតប្រកបដោយជោគជ័យរបស់ ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ។
ទន្ទឹមនេះលោក ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណផងដែរ ចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលតែងតែបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, សង្គម និងសុខុមាលភាពប្រជាជន ព្រមទាំងបានចូលរួមគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយ:ការផ្តល់នូវជំនួយជាវ៉ាក់សាំង និងការចូលរួមការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្នុងពេលអន្តរកាលនេះ។

លើសពីនេះទៅទៀត លោក ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីរីករាយ និងមោទនភាពចំពោះ ចំណងការទូតរវាងរាជរដ្ឋាភិបាលនៃប្រទេសទំាងពីរ ជាពិសេស តាមរយៈកិច្ចខិតខំរបស់លោកឯកអគ្គរាជទូត Pablo Kang រហូតឈានដល់ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែម សម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (Subsidiary Arrangement for CAP RED Program) នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២ នេះ ។ កិច្ចសម្របសម្រួលបំពេញបន្ថែមនេះ គឺជាឯកសារគោលសម្រាប់រៀបចំយន្តការជាក់ស្ដែង ដើម្បីឈានដល់ការអនុវត្តប្រកបដោយជោគជ័យ នូវកម្មវិធី CAP RED ដែលជាក្របខ័ណ្ឌរួមនៃការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ក្រសួងការបរទេស និងពាណិជ្ជកម្ម ចំពោះប្រជាជនកម្ពុជា៕ ដោយ៖ គង់ សេដ្ឋាមុនី