សម្តេចតេជោ សោកស្តាយពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ស្លាប់ដោយសារកូវីដ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី កម្ពុជា បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ស្លាប់ដោយសារជំងឺកូវីដ-១៩។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅទ្វីបអឺរ៉ុបប្រមាណជា ២០០០នាក់ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងខិតខំរកចំនួនតួលេខដែល ពលរដ្ឋក្រៅប្រទេសបានស្លាប់ដោយសារជំងឺកូវីដ១៩។

ឆ្លៀតឱកាសនោះដែរ សម្ដេចក៏បានលើកឡើងថា ក្នុងកំលុងពេលរាតត្បាតជំងឺកូវីដ-១៩ នៅកម្ពុជា រាជរដ្ឋាភិបាលក៏បានបញ្ចេញថវិកាក្នុងមួយខែ ៤០លានដុល្លារ ដើម្បីជួយចិញ្ចឹមប្រជាពលរដ្ឋប្រមាណ៧០ម៉ឺនគ្រួសារ។

សម្ដេចតេជោថា នៅពេលកម្ពុជាជួបវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានបញ្ចេញប្រាក់សន្សំជាង២ពាន់លានដុល្លារ សម្រាប់បម្រើការងារប្រយុទ្ធប្រឆាំងកូវីដ ព្រមទាំងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋផងដែរ៕ ដោយ៖ រិន​ ចំរើន