ក្រសួងវប្បធម៌បើកការប្រឡងប្រជែងស្នាដៃភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា ក្នុងគោលបំណង ជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងការបង្កើតគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅភាពយន្តខ្នាតវែង”។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១២ធ្នូឆ្នាំ២០២២នៅរោងភាពយន្ត Legend Olympia លោក ប៉ុក បូរក្សប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌បានលើកឡើងថា មហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣ រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នឹងប្រព្រឹត្តទៅរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយពិធីបើកមហោស្រព គឺថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៥រសៀល និងពិធី បិទមហោស្រពនឹងធ្វើនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៥ រសៀលដូចគ្នា។

នៅក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីនេះ យើងមានពានរង្វាន់ ធំចំនួន ៣ និងរង្វាន់លើកទឹកចិត្តចំនួន ៥ ផ្សេងទៀត ដែលក្នុងនោះរួមមាន៖
១/ ពានរង្វាន់មាស (Gold Award) នឹងទទួលបានពានមាសមួយ អមដោយសាច់ប្រាក់១២លានរៀល ឧបត្ថម្ភដោយ រោងភាពយន្ត មេជើ ស៊ីណេផ្លិច (Major Cineplex by Smart)។
២/ ពានរង្វាន់ប្រាក់ (Silver Award) នឹងទទួលបានពានប្រាក់មួយ អមដោយសាច់ប្រាក់៨លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន ភេសជ្ជៈ ហនុមាន (Hanuman Beverages)។
៣/ ពានរង្វាន់សំរឹទ្ធ (Bronze Award) នឹងទទួលបានពានសំរឹទ្ធមួយ អមដោយសាច់ប្រាក់៤លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន វេសថេច មេឌា (Westec Media)។
ចំណែកពានរង្វាន់លើកទឹកចិត្ត

១/ ពានរង្វាន់ទស្សនិកជន (Audience Choice Award) នឹងទទួលបានពានមួយ អមដោយកាម៉េរ៉ាឌីជីថល មួយគ្រឿង ឧបត្ថម្ភដោយ ផលិតកម្ម រាម (Ream Production) ។
២/ ពានរង្វាន់ពិសេសរបស់មេប្រយោគ (Special Jury Award) នឹងទទួលបានពានមួយ អមដោយទឹកប្រាក់ ៣លានរៀល ឧបត្ថម្ភដោយ រោងភាពយន្ត លេជេន ស៊ីណេម៉ា (Legend Cinema)។
៣/ ពានរង្វាន់អត្ថបទនិពន្ធល្អ (Best Script Award) នឹងទទួលបានពានមួយ អមដោយទឹកប្រាក់ ២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុនមេឌាឡូត MediaLoad
៤/ ពានរង្វាន់អ្នកដឹកនាំរឿងវ័យក្មេង (Rising Director Award) នឹងទទួលបានពានមួយ អមដោយទឹកប្រាក់ ២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន ត្រីមូលៀ (Trimulia Hotel)។

៥/ ពានរង្វាន់បច្ចេកទេសល្អ (Technical Excellence) នឹងទទួលបានពានមួយ អមដោយទឹកប្រាក់ ២លានរៀល ឧបត្ថម្ភដោយ ក្រុមហ៊ុន អ៊ឹម ភីកឈ័រ (M-Pictures) ។
លោកក៏បានលើកឡើងថា ចាប់តាំងពីថ្ងៃទទួលពាក្យស្នើសុំចូលរួមប្រកួតប្រជែង គណៈកម្មការរៀបចំមហោស្រពបានទទួលស្នាដៃភាពយន្តខ្នាតខ្លីសុំចូលប្រកួតប្រជែងចំនួន ៣៥ស្នាដៃ ដែលក្នុងនោះ មាន៤ស្នាដៃ គឺជាស្នាដៃរបស់សិក្ខាកាមដែលបានចូលរួមវគ្គប ណ្តុះបណ្តាល ជំនាញផលិតភាពយន្តខ្នាតខ្លី (Cambodia Film Lab)ដែលរៀបចំ ដោយនា យកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងធ្វើការដឹកនាំបណ្តុះបណ្តាលដោយលោក Deependra Gauchan។ វគ្គបណ្តុះបណ្តាលផ្តោតលើមុខវិជ្ជា៣សំខាន់ គឺ មុខវិជ្ជា សរសេរអត្ថបទនិពន្ធភាពយន្ត (Script), មុខវិជ្ជា ដឹកនាំរឿង(Directing) និងថតភាពយន្ត (Cinematography)ដែលចាប់ផ្តើមតាំងពីខែ កញ្ញា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២២។
ចំពោះស្នាដៃភាពយន្តទាំងអស់នឹងឆ្លងកាត់ការពិនិត្យវាយតម្លៃជា២ដំណាក់កាល ដោយអនុគណៈកម្មការមេប្រយោគរបស់មហោស្រព។

១. ដំណាក់កាលទី១ គណៈមេប្រយោគចំនួន ០៧រូប នឹងពិនិត្យវាយតម្លៃស្នាដៃទាំងអស់ ដើម្បីជ្រើសរើសយកស្នាដៃភាពយន្តលេចធ្លោចំនួន ៥ស្នាដៃ ដើម្បីដាក់ជូនគណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រ ពិនិត្យសម្រេច នៅថ្ងៃប្រារព្ធពិធីបិទមហោស្រព នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។ ជាមួយនេះ គណៈមេប្រយោគវគ្គដំបូងក៏មានភារកិច្ចជ្រើសរើសស្នាដៃមួយល្អៗចំនួនផ្សេងទៀត ដើម្បីដាក់ជូនមេប្រយោគវគ្គផ្តាច់ព្រ័ត្រ ពិនិត្យសម្រេចផ្តល់រង្វាន់លើកទឹកចិត្តផ្សេងទៀតផងដែរ។
២.ដំណាក់កាលទី២ គណៈមេប្រយោគវគ្គផ្តាច់ព្រ័ត្រចំនួន ០៧រូបទៀត នឹងពិនិត្យវាយតម្លៃស្នាដៃភាពយន្តលេចធ្លោទាំង ៥ស្នាដៃចុងក្រោយ ដើម្បីជ្រើសរើសផ្តល់ពានរង្វាន់ប្រចាំមហោស្រព និងពានរង្វាន់លើកទឹកចិត្ត។

ជាមួយគ្នានោះដែរ លោក ប៉ុក បូរក្ស បានគូសបញ្ជាក់ថា ស្នាដៃភាពយន្តខ្នាតខ្លីទាំង ៣៥ចំណងជើងដែលបានដាក់ចូលរួមប្រកួតប្រជែង នឹងត្រូវធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តចំនួន ៨ ទីតាំងក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ Major Cineplex សាខា Aeon ២ , Major Cineplex សាខា Aeon ២, រោងភាពយន្ត Legend សាខា Eden Garden, Legend សាខា Olympia, រោងភាពយន្ត Prime សាខា Samai Square , Prime សាខា ចោមចៅ, មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និង វិទ្យាស្ថានភាសាបារាំង។

ភាពយន្តខ្នាតខ្លីទាំង ៣៥ស្នាដៃនេះ នឹងអនុញ្ញាតឱ្យទស្សនិកជនដែលចូលទស្សនា ព្រមទាំងវាយតម្លៃជ្រើសរើសស្នាដៃដែលខ្លួនពេញចិត្តផងដែរ។ កម្មវិធីបញ្ចាំងមានផ្សព្វផ្សាយតាមហ្វេសប៊ុកផេករបស់មហោស្រព និងវេបសាយមហោស្រពផងដែរ។លើសពីនេះ ក្រៅពីការចាក់បញ្ចាំងភាពយន្តខ្នាតខ្លីប្រកួតប្រជែងទាំង៣៥ស្នាដៃមហោស្រពក៏មានការចាក់បញ្ចាំងស្នាដៃភាពយន្តឯកសារខ្លី ចំនួន៣៣ស្នាដៃ ដែលបង្ហាញពីជីវិត ប្រពៃណី វប្បធម៌ ក៏ដូចជាបរិស្ថានរស់នៅដងទន្លេមេគង្គ កម្ពុជា។ ភាពយន្តឯកសារខ្លីទាំងនេះ ផលិតដោយសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលជំនាញ ផលិត ភាពយន្តឯក សារដែលរៀបចំដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ជាណា ក្នុងរយៈពេលប៉ុន្មា នឆ្នាំចុងក្រោយនេះ។
ក្រៅពីការបញ្ចាំងភាពយន្ត គណៈកម្មការរៀបចំមហោស្រព នឹងរៀបចំសិក្ខាសាលាភាពយន្តសំខាន់ៗ ចំនួន៣ ដែលមានការអញ្ជើញចូល រួមពីវាគ្មិនជំនាញៗប្រកបដោយបទពិសោធន៍ ព្រមទាំងផលិតករថ្មីចាស់ជាច្រើនរូប។

១. សិក្ខាសាលា ក្រោមប្រធានបទ ធ្វើដូចម្តេចដើម្បីនាំយកស្នាដៃភាពយន្តកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ សិក្ខាសាលានេះរៀបចំធ្វើនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១និង៣០នាទីរសៀល នៅសាលសន្និសីទចតុម្មុខ ដោយអនុញ្ញាតឲ្យចូលរួមជាសាធារណៈ។
២. សិក្ខាសាលា ក្រោមប្រធានបទ ធ្វើដូចម្តេចដើម្បីឱ្យឧស្សាហកម្មភាពយន្តខ្នាតខ្លីរីកចម្រើននៅកម្ពុជា។សិក្ខាសាលានេះរៀបចំធ្វើនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១និង៣០នាទីរសៀល នៅសាលសន្និសីទចតុម្មុខ ដោយអនុញ្ញាតឱ្យចូលរួមជាសាធារណៈ។
៣. វគ្គស្វែងរកជំនួយឧបត្ថម្ភ (Pitching Session) រៀបចំធ្វើនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ៤និង០០នាទីល្ងាច នៅ CineHub ៕ ដោយ៖ គង់ សេដ្ឋាមុនី