សម្ដេច ស ខេង ៖ ព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ បានចូលរួមទប់ស្កាត់ការជួញដូរមនុស្សធ្វើជាទាសភាព ក្នុងសម័យទំនើប

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ បានចូលរួមសកម្មភាពជាតិសំខាន់ៗ ព្រមទាំងទប់ស្កាត់ការជួញដូរមនុស្សធ្វើជាទាសភាព ក្នុងសម័យទំនើប ដោយបង្រៀនពុទ្ធបរិស័ទឱ្យលើកកំពស់តម្លៃមនុស្សជាតិ។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួបឆ្នាំទី៣១ គណៈធម្មយុត្តិកនិកាយកម្ពុជា (៧ ធ្នូ ១៩៩១-៧ ឆ្នូ ២០២២) នៅវត្តបទុមធម្មយុត្ត នាថ្ងៃ១១ ធ្នូ សម្ដេច ស ខេង បានបញ្ជាក់ថា ព្រះពុទ្ធសាសនាគណៈធម្មយុត្តិកនិកាយកម្ពុជា បានបម្រើផ្នែកជំនឿដល់ពុទ្ធបរិស័ទគ្រប់ទិសទីទាំងអស់ មិនតែប៉ុណ្ណោះព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយនេះ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមរក្សាការពារ សន្តិភាពនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេចមានប្រសាសន៍ថា «ព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយបានចូលរួមក្នុងសកម្មភាពជាតិសំខាន់ៗមួយចំនួនមានជាអាទិ៍៖ ការទប់ស្កាត់ការជួញដូរ មនុស្សធ្វើជាទាសភាពក្នុងសម័យទំនើប ដោយបង្រៀនពុទ្ធបរិស័ទឱ្យលើកកំពស់តម្លៃរបស់មនុស្សជាតិ ការពារ និងរក្សាសន្តិភាពជាតិ មិនបង្កអសន្តិសុខដល់សង្គមជាតិ និងធ្វើសកម្មភាព មនុស្សធម៌ផ្សេងៗ តាមគន្លងនៃព្រះធម៌ នៃព្រះពុទ្ធសាសនា”។

សម្ដេចបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយចំពោះ សាសនាយ៉ាងត្រឹមត្រូវ និងទូលំទូលាយ ដោយមិនអនុញ្ញាតឲ្យមានការរើស អើង មិនប្រកាន់ពូជសាសន៍ មិនប្រកាន់ពណ៌សម្បុរ និងមិនប្រកាន់ជំនឿសាសនាអ្វីទាំងអស់ ពិសេសអប់រំ យុវជន កុមារ ឲ្យយល់ដឹងច្បាស់លាស់ពីតម្លៃដ៏វិសេស វិសាលនៃព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណី និងទំលៀមទំលាប់ខ្មែរដែលជាអត្តសញ្ញាណជាតិដែលត្រូវតែចូលរួមថែរក្សា លើកតម្កើង អភិវឌ្ឍន៍ ព្រមទាំងកាត់បន្ថយជាបណ្តើរៗនូវឥទ្ធិពលជាអវិជ្ជមាន នៃវប្បធម៌ជ្រៀតចូលពីបរទេស។

សម្ដេច ស ខេង ក៏បញ្ជាក់ទៀតថា រាជរដ្ឋាភិបាល បានពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកក្នុងចំណោមប្រជាពលរដ្ឋកាន់សាសនា ខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ឲ្យក្លាយ ទៅជាកម្លាំងជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនាទៅធ្វើអាជីវកម្ម៕ ដោយ៖ រិន ចំរើន