សម្តេចតេជោ ៖ កម្ពុជាប្តេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក

ភ្នំពេញ ៖ ក្រោយចូលជាសមាជិកភាពក្នុងក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជាប្តេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹបនេះឱ្យបានល្អនិងយូរអង្វែង។

ក្នុងនោះខេត្តនៅតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទាំង៤ ក៏ត្រូវរក្សាឱ្យបាននូវខ្សែក្រវាត់ និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទដែលស្អាតបំផុតលើសកលលោក។ នេះបើតាមសម្តេចតេជោ ក្នុងពិធីបើកមហាសន្និបាតលើក ទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលនៅខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

សម្តេចនាយករដ្ឋមន្រ្តីអះអាងទៀតថា “កម្ពុជាប្តេជ្ញារក្សាឱ្យបាននូវសមាជិកភាពក្នុងក្លឹបនេះ។ ជាពិសេស ប្តេជ្ញាធ្វើឱ្យទីក្រុងជាប់ឆ្នេរសមុទ្ររបស់កម្ពុជា មាននិរន្តរភាព ដូចដែលបានកំណត់ជាយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តតំបន់ឆ្នេរ គឺ៖ ខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍សម្រាកលម្ហែ និងជាតំបន់សេដ្ឋកិច្ចពហុបំណង, ខេត្តកែប ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណិត, ខេត្តកំពត ជាគោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិ-ទេសចរណ៍ តំបន់ឆ្នេរ និងខេត្តកោះកុង ជាគោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក»។

សម្ដេចតេជោ ក៏បានស្នើឱ្យមានការរៀបចំវេទិកាជាតិតំបន់ឆ្នេរប្រចាំឆ្នាំ ដើម្បីជួបជុំពិភាក្សា និងផ្លាស់ប្ដូរយោបល់ជុំវិញការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយអាចកំណត់ថ្ងៃទី២៦ ខែឧសភា ជារៀងរាល់ឆ្នាំ ដែលជាថ្ងៃកម្ពុជា បានក្លាយជាសមាជិកក្លឹប ដើម្បីរៀបចំវេទិកាជាតិនេះ ដោយអាចឆ្លាស់វេនគ្នានៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង៤។ សម្ដេច ក៏ស្នើឱ្យក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តព្រះសីហនុ ពិនិត្យលទ្ធភាពរៀបចំសារៈមន្ទីរឆ្នេរ (Maison de le Baie) ។ ក្នុងន័យនេះ សម្ដេច ស្នើឱ្យលោកប្រធានក្លឹប និងសមាជិកក្លឹបទាំងអស់ ជួយចែករំលែកអំពីបទពិសោធ និងដំណើរការនៃការរៀបចំសារៈមន្ទីរឆ្នេររបស់ខ្លួន។

សូមរំលឹកថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះ មានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធ ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ក្នុងមហាសន្និបាតលើកទី៧ របស់ក្លឹប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់៕ ដោយ៖ រិន ចំរើន