បទយកការណ៍៖ បណ្តុះការអានសៀវភៅ នាំមកនូវជីវិតរុងរឿង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ សិស្ស និស្សិត ខិតខំអានសៀវភៅឱ្យក្លាយជាទម្លាប់ ដើម្បីក្រេបជញ្ជក់ចំណេះដឹងថ្មីៗបន្ថែមលើមុខវិជ្ជាដែលកំពុងសិក្សា ជាពិសេសស្ថានភាពដែលកំពុងវិវឌ្ឍន៍ឥតឈប់ឈរក្នុងនិងក្រៅប្រទេសលើសាកលលោក។
រាជរដ្ឋាភិបាលកំពុងធ្វើឱ្យកាន់តែប្រសើរឡើងនូវ មនុស្ស ផ្លូវ ទឹក ភ្លើង ដោយប្រកាន់ខ្ជាប់នូវបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ»។
ពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ ឆ្នាំ២០២២ ក្រោមប្រធានបទ៖ មួយថ្ងៃអាន មួយថ្ងៃដឹង នៅបណ្ណាល័យជាតិ ចាប់ពីថ្ងៃទី០៩.១០.១១ខែធ្នូ ឆ្នាំ២០២២ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមកពីក្រសួងពាក់ព័ន្ធជាសេនាធិការបង្ហាញទស្សនៈក្នុងន័យលើកកម្ពស់ការអានថា ជាព្រឹត្តិការណ៍មួយអន្ទងចិត្តយុវជនឱ្យញៀនញ៉ាមនឹងការអានឱ្យបានកាន់តែច្រើន ដើម្បីពង្រីកចំណេះដឹងឱ្យបានទូលំទូលាយ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានសម្ដែងការពេញចិត្តនិងការតាំងពិព័រណ៍សៀវភៅនេះណាស់។ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា«ចំណេះដឹង៥០ភាគរយរបស់ខ្ញុំបានពីគ្រូ ប៉ុន្តែ៥០ភាគរយទៀតគឺបានពីអានសៀវភៅ»។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា «គ្រូមិនអន់ទេ តែការអានសៀវភៅអាចបន្ថែមចំណេះ លើអ្វីដែលគ្រូបានបង្រៀនយើង។ ជាពិសេសសម័យបច្ចុប្បន្នអាចស្រាវជ្រាវតាមបណ្ណាល័យអេឡិចត្រូនិកបានកាន់លឿនថែមទៀត»។
ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធជួយបណ្ដុះកុមារឱ្យចូលចិត្តអាន ព្រោះកាលណាធំហើយទើបជំរុញឱ្យខំអានគឺមិនល្អឡើយ ព្រោះមនុស្សធំអាចនឹងប្ដូរទម្លាប់លែងសូវចង់អានសៀវភៅ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានផ្ដល់ជាគំនិតថា ការអានសៀវភៅច្រើនជាវិធីល្អណាស់ ព្រោះសៀវភៅប្រមូល ផ្ដុំក្បួនខ្នាត ចំណេះដឹងទស្សនៈវិស័យនានា រាប់ទាំងសង្គម សេដ្ឋកិច្ច វប្បធម៌ នយោបាយ សាសនា និងអ្វីៗទាំងអស់ដែលជាចំណេះដឹងរបស់មនុស្សជាតិ។

លោកស្រី រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «នៅពេលយើងអានសៀវភៅ យើងកាត់បន្ថយភាពតានតឹងនៅក្នុងអារម្មណ៍ ហើយការអានសៀវភៅបណ្ដាលឱ្យយើងមានការចេះដឹងយ៉ាងសម្បូណ៌បែបពីគ្រប់មជ្ឈដ្ឋាន ដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួនឯង ចេះគិតគូរពិចារណារកហេតុផលឱ្យបានត្រឹមត្រូវ នៅក្នុងតថភាពរបស់មនុស្សជាតិ»។
ខណៈមានអ្នកនិពន្ធ និងគ្រឹះស្ថានបោះពុម្ពផ្សាយជាច្រើនចូលរួមតាំងពិព័រណ៍សៀវភៅក្នុងឆ្នាំនេះផង លោកស្រី រដ្ឋមន្ត្រី ជំរុញឱ្យយុវជនអាន ស្វែងរកចំណេះដឹង ពីព្រោះយុវជនជាសសរទ្រូងរបស់ជាតិ។«ប្រទេសមួយមានអនាគតភ្លឺថ្លាវែងឆ្ងាយអាស្រ័យទៅលើសមត្ថភាពប្រជាជននៃប្រទេសនេះទាំងអក្សរសាស្ត្រ និងគណិតសាស្ត្រ»។ នេះជាការថ្លែង របស់ លោកស្រី រដ្ឋមន្ត្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។

ដៃកាន់ថង់ដើរមើលស្តង់សៀវភៅ លោក ខៀវ កូឡា អ្នកសារព័ត៌ជើងចាស់មួយរូប មកចូលរួមពិព័រណ៍នៅព្រឹកថ្ងៃដំបូង មានទឹកមុខរីករាយ ហើយនិយាយមួយៗថា យុវជនខ្មែរជាពិសេសអ្នកនៅរាជធានីភ្នំពេញត្រូវតែមកមើលនិងទិញសៀវភៅយកទៅរៀនសូត្រ។
អ្នកសារព័ត៌ជើងចាស់ជើងចាស់រូបនេះក្រើនរំឭកយុវជនថា«បើយើងរៀនមិនឈ្នះគេ យើងអត់បានពិន្ទុល្អ យើងពិបាកប្រកួតប្រជែងបំណិនជីវិតនៅក្នុងទីផ្សារសេរី គេត្រូវការអ្នកពូកែ ក្រុមហ៊ុនធំៗល្អៗដែលមានប្រាក់បំណាច់ខ្ពស់ មានប្រាក់បៀវត្សរ៍ខ្ពស់ត្រូវការមនុស្សពូកែខ្លាំងបានអាចចូលចុះ ក្រុមហ៊ុនអន្តរជាតិជាពិសេស ខ្ញុំចង់ឃើញយុវជនចូលចិត្តអាន ចូលចិត្តស្រាវជ្រាវរៀនមានបំណិនជីវិត ចេះធ្វើការចេះរកស៊ី ជួនកាលអាចបង្កើតក្រុមហ៊ុនខ្លួនឯងបាន លំដាប់អន្តរជាតិ មានបានទៅនោះ សមប្រកបពាក្យថា កម្លាំងចាំងមួយថ្ងៃ ចំណេះចាំងជាដរាប»។

កណ្ដៀតសៀវភៅ ដាក់ក្នុងថង់រង់ចាំប្រពន្ធត្រឡប់ទៅផ្ទះវិញ លោក យី យូរ៉ា ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញយល់ឃើញថា «ពិរព័ណ៍សៀវភៅជាចំណែកមួយក្នុងការគាំទ្រឱ្យប្រទេសកម្ពុជាយើងគិតគូរពីការកសាងធនធានមនុស្ស ដើម្បីឱ្យមានសមត្ថភាពកសាងប្រទេសជាតិ»។ អ្នកនិពន្ធសៀវភៅ ដែលបានជួលស្តង់ដាក់តាំងសៀវភៅលក់មួយរូបគឺ លោក ង៉ុយ រដ្ឋា បានបញ្ជាក់មូលហេតុចម្បងៗដែលលោកខិតខំចងក្រងសៀវភៅរហូតបាន១៣ក្បាល យកមកតាំងពិព័រណ៍ជាលើកទី២ក្នុងពិព័រណ៍សៀវភៅកម្ពុជា លើកទី៩ ក្នុងឆ្នាំ២០២២នេះដោយសារលោកចង់ឱ្យប្រជាជនខ្មែរ ឬយុវជនចូលចិត្តអានសៀវភៅ បណ្ដុះការអាន ជាពិសេសធ្វើឱ្យរូបលោកនិងអ្នកសរសេរសៀវភៅទាំងឡាយមានកម្លាំងចិត្តចងក្រងសៀវភៅថ្មីៗបន្តទៀត៕ ដោយ៖ គង់ សេដ្ឋាមុនី