ផ្លូវ២ ខ្សែ នៅខេត្តព្រះសីហនុ នឹងត្រូវសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅចុងខែនេះ

ភ្នំពេញ៖ ផ្លូវខេត្តលេខ146បេ និង ផ្លូវខេត្តលេខ148 ដែលមានប្រវែងសរុបប្រមាណ៤៣,០២គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តព្រះសីហនុ នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី22ខែធ្នូ ឆ្នាំ2022 ខាងមុខនេះ ។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវទាំងពីរខ្សែរខាងលើនេះ គ្រោងនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី 8ខែធ្នូ ឆ្នាំ 2022 បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បី ធ្វើការបែងចែកតួនាទីនិងភារកិច្ចជូនដល់សមាជិកសមាជិកានៃគណៈកម្មាការ និងអនុគណៈកម្មការសម្រាប់ត្រៀមរៀបចំពិធីសម្ពោធ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តិទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ ដែលមានចែងនៅក្នុងលិខិតបង្គាប់ការ។

ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី2០ ខែសីហា ឆ្នាំ2019 បានបើកការដ្ឋានជួសជុលកំណាត់ផ្លូវលេខ១៤៦B និងផ្លូវលេខ១៤៨ ទាំងពីរខ្សែខាងលើ ។ កំណាត់ផ្លូវ 146 B ឬវិថីសុវត្ថិភាពសម្ដេចសង្ឃរាជ ទេព វង្ស មានប្រវែងសរុប 24,50គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេ 4 ត្រង់គីឡូម៉ែត្រលេខ 178+165 ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ទៅដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ការជួសជុលផ្លូវនេះចែកចេញជា 10កំណាត់ ដែលមានប្រវែងសរុប 3.580ម៉ែត្រ និងទទឹង 7ម៉ែត្រ ក្រាលកៅស៊ូបាចថ្មពីរជាន់(DBST) អនុវត្តគម្រោងដោយវិស្វកម្មក្រសួងការពារជាតិ និងចំណាយថវិកាសរុបប្រមាណ 2.467លានរៀល ជាថវិកាជាតិ ក្រោមគម្រោងជួសជុលផ្លូវថ្នល់។

ចំណែកឯកំណាត់ផ្លូវលេខ148 ឬ វិធីសម្ដេតេជោ ហ៊ុន សែន មានប្រវែងសរុប23គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ4 ត្រង់គីឡូម៉ែត្រលេខ 225+5០០ (មុខកំពង់ផែស្វយ័តក្រុងព្រះសីហនុ) ស្ថិតក្នុងភូមិ3 សង្កាត់លេខ3 ក្រុងព្រះសីហនុ ដល់ភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ កំណាត់ផ្លូវនេះជួសជុលដោយចាក់បេតុងសរសៃដែក កម្រាស់23សង់ទីម៉ែត្រ អនុវត្តដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ដោយចំណាយថវិកាអស់ប្រមាណ2.88លានរៀល ជាថវិការបស់ជាតិ។

កំណាត់ផ្លូវទាំងពីរខ្សែនេះដើរតួយ៉ាងសំខាន់ក្នុងការបម្រើឱ្យវិស័យដឹកជញ្ជូន មានលក្ខណៈងាយស្រួល លឿន និងចំណាយតិច ក៏ដូចជាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ4 ជាពិសេសការកកស្ទះរថយន្តដឹកជញ្ជូនធុនធ្ងន់៕ ដោយ៖ពុទ្ធិពល