ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បង្ហាញ ចំនួនអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត បានកើនឡើងដល់ជាង៩លាន៧សែននាក់ បន្ទាប់ពីការចុះឈ្មោះ នៅឆ្នាំ២០២២ លើសពីការរំពឹងទុកជាង៥៧ម៉ឺននាក់ ស្មើនឹងជាង១៤០ភាគរយ នៃស្ថិតិប្រជាពលរដ្ឋ ប៉ាន់ស្មាន ដែលអាចទៅចុះឈ្មោះបោះឆ្នោតបាន។
បញ្ជីបោះឆ្នោតដែលត្រូវបានយកបម្រើការ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី៥ ខែមិថុនា មានប្រជាពលរដ្ឋក្នុងបញ្ជីសរុបជាង៩លាន២០ម៉ឺននាក់ ស្មើនឹង៨៧,៩៤ភាគរយ នៃប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោត។
ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី៨ ខែធ្នូនេះ លោក ហង្ស ពុទ្ធា សមាជិកគ.ជ.ប បានបញ្ជាក់ថា គ.ជ.ប នឹងបិទផ្សាយបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២២ ដើម្បីឱ្យប្រជាពលរដ្ឋបានពិនិត្យឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ហើយធ្វើការប្តឹងតវ៉ា ឬ ប្តឹងជំទាស់ ក្នុងករណីរកឃើញថា មានកំហុសឆ្គងនៅក្នុងបញ្ជីបោះឆ្នោតដំបូង បន្ទាប់ពីបានត្រួតពិនិត្យ និងសម្រេច លើទិន្នន័យអ្នកបោះឆ្នោតដោយ គ.ជ.ប និងបន្ទាប់ពីបញ្ចប់ការដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹងការស្នើសុំ ចុះឈ្មោះបោះឆ្នោត។ គ.ជ.ប ក៏នឹងចាត់ចែងរៀបចំបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលនឹងត្រូវលុបចេញពីបញ្ជី បោះឆ្នោត តាមឃុំ សង្កាត់នីមួយៗ ដើម្បីធ្វើការបិទផ្សាយជាសាធារណៈ នៅតាមសាលាឃុំ សង្កាត់ ឬ/និង នៅទីសាធារណៈណាមួយក្នុងឃុំ សង្កាត់ និងបង្ហោះនៅលើ គេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh និង App_NEC_KH បន្ទាប់ពីរកឃើញថា អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ជាង២៥ម៉ឺន នាក់ ខណៈអ្នកដែលបានកែតម្រូវទិន្នន័យមានជាង៦ម៉ឺននាក់ និងអ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានជាង១៧ម៉ឺននាក់។ លោកបន្តថា គណបក្សនយោបាយ ដែលបានចុះបញ្ជីស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ មានសិទ្ធិសុំបញ្ជីបោះឆ្នោតដំបូងច្បាប់ថតចម្លងបានដោយបង់ថ្លៃ ដោយតម្លៃនេះ គិតត្រឹមតែតម្លៃផលិតប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី៨ ខែធ្នូ បន្ទាប់ពីដំណើរការនៅតាមឃុំ-សង្កាត់នៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី២០ ខែតុលាមក។
ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ គឺជាអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕ ដោយ៖ គង់ សេដ្ឋាមុនី