ភ្នំពេញ ៖ សម្ដេចស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់គ.ជ.អ.ប បានកើតទុក្ខមិនសុខចិត្តចំពោះការចោទប្រកាន់ថា ការធ្វើកំណែទម្រង់វិមជ្ឈការ ឬផ្ទេរអំណាចទៅឱ្យថ្នាក់ ក្រោមជាតិ គឺជាការផ្ទេរសិទ្ធិអំណាចមកឱ្យក្រសួងមហាផ្ទៃនោះ គឺជារឿងមិនត្រឹមត្រូវឡើយ។
ក្នុងកិច្ចប្រជុំ គ.ជ.អ.ប. លើកទី២០ នាថ្ងៃ៨ ធ្នូ សម្ដេច ស ខេង បានមានប្រសាសន៍ថា កម្មវិធីជាតិដំណាក់កាលទី២ ជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់បន្ត និងជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ តាមរយៈការពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងការបែងចែកមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យកាន់តែមានភាពច្បាស់លាស់រវាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិជាមួយ នឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
សម្ដេចបន្តថា គោលបំណងសំខាន់នៃការបែងចែកឡើងវិញមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងចំណោមស្ថាប័នសាធារណៈទាំងនេះ គឺដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យសំដៅចូលរួមចំណែកលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន យុត្តិធម៌ និងសមធម៌សង្គម។
សម្ដេច ស ខេង សង្កត់ធ្ងន់ថា «កន្លងមកមានការ លើកឡើងថាការធ្វើកំណែទម្រង់វិមជ្ឈការ ឬការផ្ទេរមុខងារទាំងនេះ គឺជាការប្រមូល ឬការផ្ទេរសិទ្ធិអំណាច មកឱ្យក្រសួងមហាផ្ទៃ។ ការយល់ឃើញខាងលើនេះថាការមិនត្រឹមត្រូវ ដ្បិតច្បាប់រៀបចំអង្គការបានតម្រូវឱ្យបង្កើតគណៈកម្មាធិការអន្តរក្រសួងមួយគឺ គ.ជ.អ.ប. ដែលមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន ឬអាចកំណត់បានថា ជាក្រសួងនាំមុខក្នុងការសម្របសម្រួលដំណើរការកំណែទម្រង់នេះ ។ ហេតុនេះក្នុងនាម គ.ជ.អ.ប.ការធ្វើវិមជ្ឈការគឺជាការផ្ទេរសិទ្ធិអំណាច ផ្ទេរមុខងារ ផ្ទេរធនធាន និងផ្ទេរការទទួលខុសត្រូវទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ឬអាចនិយាយម្យ៉ាងទៀតថា ជាការផ្ទេរសិទ្ធិអំណាចទៅឱ្យប្រជាពលរដ្ឋតាមរយៈក្រុមប្រឹក្សាជាប់ឆ្នោតនៅថ្នាក់ក្រោមជាតិដែលជាតំណាងរបស់ខ្លួន គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងសហគមន៍នៅ តាមមូលដ្ឋាននីមួយៗ»។
សម្ដេចគូសបញ្ជាក់ថា ក្នុងដំណើរការធ្វើវិមជ្ឈការ និងវិសហមជ្ឈការកន្លងមកនេះ ក្រសួងមហាផ្ទៃ បានផ្ទេរសិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវជា ច្រើនរួចមកហើយទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមានដូចជា ការផ្ទេរសិទ្ធិអំណាច ធនធាន និងការទទួលខុសត្រូវលើការគ្រប់គ្រងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ការផ្ទេរបុគ្គលិកក្របខណ្ឌក្រសួងមហាផ្ទៃប្រមាណជាង៧.០០០នាក់ ទៅស្ថិតក្រោមការគ្រប់ គ្រងដោយផ្ទាល់របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេច បានបន្ថែមថា ប្រសិនបើមិនមានការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ ក្រោមជាតិ ដំណើរការកំណែទម្រង់នេះមិនអាចចាត់ទុកថាជាដំណើរការកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការបានឡើយ ហើយរដ្ឋបាលថ្នាក់ក្រោមជាតិដែល មិនមានតួនាទី មុខងារ និងសិទ្ធិអំណាចជាក់លាក់ប្រៀបដូចជា រដ្ឋបាលដែលមានដៃទទេ មិនអាចក្លាយជារដ្ឋបាលដែលត្រូវគ្រប់គ្រងតាមគោលការណ៍ នៃរដ្ឋបាលឯកភាព និងតាមបែបប្រជាធិបតេយ្យដែលធានា ដល់ការសម្របសម្រួលរាល់សកម្មភាពរដ្ឋបាលសាធារណៈសម្រាប់ផល ប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងដែនដីរបស់ខ្លួន ដូចដែលបានកំណត់ក្នុងច្បាប់រៀបចំអង្គការបានឡើយ៕ ដោយ៖ រិន ចំរើន