កម្ពុជា-ជប៉ុន រួមសហការជាមួយគ្នា១០ឆ្នាំទៀត ផ្តល់សេវាកម្មព័ត៌មានសន្តិសុខ

ភ្នំពេញ ៖ កម្ពុជានិងជប៉ុនបានរួមគ្នា បន្តសុពលភាពរយៈ ពេល១០ឆ្នាំបន្ថែមទៀត ដើម្បីសហការផ្តល់សេវាកម្មព័ត៌មានសន្តិសុខ។

ការបន្តនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាបន្តសុពល ភាពលើឧបសម្ព័ន្ធអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រុមហ៊ុន E SECURITY SERVICE Co,Ltd (ESS) ក្រោមវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានាព្រឹកថ្ងៃ៦ ធ្នូ ។

ឧបសម្ព័ន្ធអនុស្សរណៈ នៃការយោគយល់គ្នា រវាងអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងក្រុមហ៊ុន ESS នាពេលនេះ បញ្ជាក់អំពីការបន្តសុពលភាពរយៈពេល ១០ឆ្នាំ បន្ថែមលើអនុស្សារណៈ នៃការយោគយល់គ្នាច្បាប់ដើម ស្ដីពីការសហការផ្តល់សេវាកម្មព័ត៌មាន សន្តិសុខ រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃកម្ពុជា និងក្រុមហ៊ុន ESS ដែលផុតសុពលភាព កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយគ្មានការផ្លាស់ប្ដូរខ្លឹមសារដូចមានចែង ក្នុងមាត្រានៃអនុស្សារណៈ នៃការយោគយល់គ្នាច្បាប់ដើមនោះទេ។

គួររំលឹកផងដែរថា ពិធីចុះ MOU នេះ ធ្វើឡើងបន្ទាប់ពីមានការស្នើសុំពីលោក OKUBO Hideo ជាស្ថាបនិកមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ហៅកាត់CIESF នាឱកាសសុំការអនុញ្ញាតចូលជួបសម្តែងការគួរសមជាមួយសម្ដេច ស ខេង កាលពីទី២១ ខែកញ្ញា ឆ្នាំ២០២២ ដែលអនុស្សារណៈនេះត្រូវបានផុតកំណត់នៅអំឡុងខែតុលា ឆ្នាំ២០២២កន្លងមក៕
ដោយ៖ រិន ចំរើន