ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៥០លានដុល្លារក្រោមអនុកម្មវិធីទី១នៃកម្មវិធីពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែងដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចនិងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ។
សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា កម្មវិធីនេះ នឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជាតាមរយៈការជួយដល់កំណែទម្រង់របស់រាជរដ្ឋាភិបាលដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ចជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។
លោក Sion L. Morton សេដ្ឋវិទូជាន់ខ្ពស់របស់ ADB មានប្រសាសន៍ថា ជំងឺរាតត្បាតកូវីដ១៩បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាដូចជាវិស័យកាត់ដេរផលិតស្បែកជើង និងវាយនភណ្ឌក៏ដូចជាវិស័យទេសចរណ៍និងសំណង់។ លោកបានសង្កត់ធ្ងន់ថា៖ «កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោលដៅស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជាដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើននិងឈាន ទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ»។
លោកសេដ្ឋវិទូបានបន្ថែមថា កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូលសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ ទាក់ទងនឹងអនុកម្មវិធីដំបូងនេះ រាជរដ្ឋាភិបាលបានអនុម័តច្បាប់វិនិយោគថ្មីដើម្បីផ្តល់កិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកវិនិយោគរួមទាំងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបានធ្វើឱ្យប្រសើរឡើងនូវផតថលអាជីវកម្មតាមអ៊ីនធឺណិតដើម្បីអាចឱ្យការចេញអាជ្ញាប័ណ្ណអាជីវកម្មឌីជីថលឯកទេសបានទាន់ពេលវេលា។ ជាមួយគ្នានេះ កម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍន៍និងការធ្វើពិពិធកម្មMSMEs ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុនិងការបង្កើតទីផ្សារថ្មីសម្រាប់ពួកគេ។ «វារួមបញ្ចូលទាំងការសម្រួលនិយមន័យផ្លូវច្បាប់ នៃសហគ្រាសធុនតូចនិងមធ្យមនិងដាក់ចេញកញ្ចប់ជំនួយដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាលដើម្បីផ្តល់ជំនួយនិងជំនួយបច្ចេកទេសដល់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងឧស្សាហកម្មអាទិភាពដែលមានការចូលរួមពីស្ត្រីច្រើន”។ នេះបើតាមការអះអាងរបស់សេដ្ឋវិទូជាន់ខ្ពស់របស់ ADB។
សូមជម្រាបថា កម្មវិធីនេះក៏នឹងជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់និងពង្រឹងការងារសម្របសម្រួលពាណិជ្ជកម្មដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចកម្ពុជាក្នុងការនាំចេញទំនិញរបស់ពួកគាត់។ ទាក់ទងនឹងកំណែទម្រង់ក្រោមអនុកម្មវិធីទី១នេះរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្មនិងអនុម័តផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការសម្រួលពាណិជ្ជកម្ម៕ដោយ៖ គង់ សេដ្ឋាមុនី