ក្រុមហ៊ុនអេមរុរាយស៍ប្តេជ្ញាបន្តប្រមូលទិញស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ

ព្រះវិហារ៖ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរាយស៍ បានប្តេជ្ញាបន្តពង្រឹងនិងពង្រីកនូវការទទួលប្រមូលទិញស្រូវសរីរាង្គក្នុងខេត្តព្រះវិហារ បន្ថែមទៀតជាមួយសហគមន៍កសិកម្ម។

ការប្តេជ្ញារបស់ លោក សុង សារ៉ននេះ ធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២។

លោកបន្តថា ជាក់ស្តែងក្រុមហ៊ុននឹងទទួលទិញស្រូវកសិករចំនួន៥.០០០តោនបន្ថែមទៀតលើសពីកិច្ចសន្យាដែលមានស្រាប់ ដើម្បីចូលរួមជារាជរដ្ឋាភិបាលរក្សាតម្លៃស្រូវកុំឲ្យចុះថ្លៃ ។

លោក គីម រិទ្ធី អភិបាលខេត្ត បានសម្ដែងការរីករាយនិងស្វាគមន៍ចំពោះក្រុមហ៊ុនអេមរុរាយស៍ ដែលបានគាំទ្រលើការប្រមូលទិញនិងចុះកិច្ចសន្យាប្រមូលទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មទៅលក់នៅទីផ្សារអឺរ៉ុបចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ។

លោកបន្តថា នៅឆ្នាំ២០២២ នេះសហគមន៍កសិកម្មក្រុមហ៊ុនដែលនៅតែបន្តសហការយ៉ាងជិតស្និទ្ធថែមទៀត ដោយមានសហគមន៍កសិកម្មរបស់២១ បានផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គក្នុងបរិមាណជាង១៩លានតោន លើផ្ទៃដីសរុប១១.១៧៩ហិកតានិងមានកសិករផលិតសរុប២.៨៧២ គ្រួសារ។ដែលទាំងនេះ ពិតជាបានលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជាកសិករក្នុងខេត្តព្រះវិហារឲ្យកាន់ប្រសើរឡើង ។

គិតត្រឹមថ្ងៃទី២ ខែធ្នូឆ្នាំ ២០២ នេះសហគមន៍កសិកម្មទាំង២១ បានផ្គត់ផ្គង់ស្រូវជូនក្រុមហ៊ុនប្រមាណ ១ម៉ឺនតោនស្មើជាង ៥០% នៃកិច្ចសន្យាដែលបានចុះកន្លងមក។

បន្ថែមពីនោះក្រុមហ៊ុនក៏មានកុលសម្ព័ន្ធមួយឈ្មោះថាក្រុមសាជីវកម្មសហគមន៍កសិកម្មបានចុះកិច្ចសន្យាជាមួយសហគមន៍កសិកម្មផងដែរទៅលើផលិតផលដំឡូងមីសរីរាង្គស្រស់ដោយនៅឆ្នាំ២០២២ នេះមានសហគមន៍កសិកម្មចំនួន១០ផងបានបន្តចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ដំឡូងមីស្រីរៀងស្រស់ជូនក្រុមហ៊ុនប្រមាណជាង ៦ពាន់តោន លើផ្ទៃដីចំនួន៤.២៣៥ហិកតា និងមានកសិករផលិតសរុប១.៤១១ គ្រួសារផងដែរ៕ ដោយ៖ ពុទ្ធិពល