ចង់សិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យច្បាប់មែនទេ ពេលនេះក្រសួងអប់រំអនុញ្ញាតឱ្យសាកលវិទ្យាល័យធ្វើការបណ្តុះបណ្តាលហើយ

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលភាគច្រើនសិស្សានុសិស្សទូទៅតែងតែហៅកាត់ថា សាលាច្បាប់ ដែលមានភាពល្បីល្បាញក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលផ្នែកច្បាប់ដល់និស្សិត។ ភាគច្រើននិស្សិតដែលចេញពីសាកលវិទ្យាល័យនេះតាមរយៈការខិតខំរបស់ខ្លួន និងទទួលការបណ្តុះបណ្តាលពីសាកលវិទ្យាល័យទៀតនោះ បានទៅបំពេញការងារនៅតាមស្ថាប័ន រដ្ឋ និងឯកជន ជាច្រើន និងមានតួនាទីក្នុងជួររដ្ឋាភិបាល និងឯកជន រួមមាន៖ ជារដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ចៅក្រម ព្រះរាជអាជ្ញា មេធាវី សារការី ក្រឡាបញ្ជី ជាដើម។

ភាគច្រើនអ្នកដែលរៀនចប់ថ្នាក់បរិញ្ញាប័ត្រ ថ្នាក់អនុបណ្ឌិតនៅសកលវិទ្យាល័យនេះ តែងតែប្រាថ្នាចង់បន្តថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យនេះ បន្ទាប់ពីអ្នកទាំងនោះបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យមួយនេះរួចហើយ ក៏ប៉ុន្តែសាកលវិទ្យាល័យមិនទាន់មានការបើកវគ្គបណ្តុះបណ្តាលទេ ខណៈដែលសាកលវិទ្យាល័យឯកជនមួយចំនួនបានបើករួចហើយនោះ ហើយទើបតែថ្មីៗនេះ ក្រសួងអប់រំតាមរយៈប្រកាសចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រកាសអនុញ្ញាតឱ្យសាកលវិទ្យាល័យមួយនេះបើកវគ្គបណ្តុះបណ្តាលថ្នាក់បណ្ឌិត។

មុខជំនាញចំនួន ៧ធំៗ ដែលក្រសួងអនុញ្ញាតឱ្យសាកលវិទ្យាល័យបើកវគ្គបណ្តុះបណ្តាលថ្នាក់បណ្ឌិតនោះរួមមាន៖ ជំនាញ នីតិសាស្រ្ត ជំនាញ ធុរកិច្ច ជំនាញ រដ្ឋបាលសាធារណៈ ជំនាញ សេដ្ឋកិច្ច ជំនាញ វិទ្យាសាស្រ្តនយោបាយ ជំនាញ ទំនាក់ទំនងអន្តរជាតិ ជំនាញ ព័ត៌មានវិទ្យា ដោយការសិក្សាលើជំនាញទាំងនេះត្រូវប្រើរយៈពេលយ៉ាងតិច០៣ឆ្នាំ សមមូលនឹង ៥៤ ក្រេឌីតយ៉ាងតិច៕ ដោយ៖ ឧត្តម