ភ្នំពេញ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋទូទៅ ប្រើប្រាស់យកទៅបំពេញកិច្ចការផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងនោះការបំពេញប្រវត្តិរូបនៃការសិក្សា ការបំពេញប្រវត្តិរូបធ្វើការងារ ការធ្វើពាក្យបណ្តឹង ការប្រកបអាជីវកម្មផ្សេងៗ សុទ្ធសឹងតែត្រូវការអត្តសញ្ញាប័ណ្ណទាំងអស់។ ក្នុងករណីដែលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហួសសុពលភាព បាត់ របក ខូច និងអ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណនោះ ថាតើត្រូវធ្វើបែបណាទៅដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណនោះ?
ថ្ងៃនេះសារព័ត៌មានខ្មែរឈានមុខសូមធ្វើការចែងរំលែកនូវនីតិវិធីបែបបទនៃការដោះស្រាយចំពោះបញ្ហាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហួសសុពលភាព បាត់ របក ខូច និងអ្នកមិនទាន់មានអត្តសញ្ញាណប័ណ្ណ ដែលមានកំណត់នៅក្នុងសេចក្តីជូនដំណឹងស្តីពីការផ្តល់ ឬប្តូរអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃដូចខាងក្រោមនេះ៖
១. អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព៖ សាមីខ្លួន យកតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផុតសុពលភាព មកសុំបំពេញបែបបទ សុំផ្តល់ឡើងវិញក្នុងករណីពុំមានការផ្លាស់ប្តូរទិន្នន័យ, សាមីខ្លួន ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាព និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ តាមអាសយដ្ឋានបច្ចុប្បន្ន ក្នុងករណីមានការផ្លាស់ប្តូរអាសយដ្ឋាន។
២. អ្នកដែលបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៖ ត្រូវមានពាក្យបណ្តឹង និងពាក្យសុំផ្តល់អត្តសញ្ញាណសញ្ជាតិខ្មែរទុតិយតា ចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលសាមីខ្លួនស្នាក់នៅអចិន្រ្តៃយ៍។
៣. អ្នកដែលមានអត្តសញ្ញាណប័ណ្ណខ្មែរ របក ខូច៖ ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលរបក ខូចនោះ មកសុំប្តូរថ្មី ដោយពុំចាំបាច់មានឯកសារអ្វីទេ។
៤. អ្នកដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើប្រាស់ សាមីខ្លួនត្រូវមាន៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដែលបញ្ជាក់ថាមានសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ៕ ដោយ៖ ឧត្តម