ស.ស.ស.ក អំពាវនាវឱ្យវិទ្យុបរទេសជាខេមរៈភាសាមួយពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយ

ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានអំពាវនាវឱ្យអង្កភាពវិទ្យុបរទេសផ្សាយជាខេមរៈភាសាមួយពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយ ក្រោពីឃើញអង្គភាពវិទ្យុនោះបានផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ព្រះមហាក្សត្រ នរោត្តម សីហមុនី ៖ ពីអតីតអ្នករាំរបាំបាឡេ ទៅជា ស្តេចក្បត់ជាតិ?» ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាអត្ថបទទម្រង់ បទវិចារណកថា ។

តាមលិខិតអំពាវនាវរបស់ ស.ស.ស.ក ចុះថ្ងៃទី ២៩ ខែវិច្ឆិកានេះ បានចាត់ទុកថា ការផ្សព្វផ្សាយខាងលើនេះ គឺការ ចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងឆ្លុះបញ្ចាំងទាំងស្រុងពីសារជាតិរបស់វិទ្យុ ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា ការផ្សាយបទវិចារណកថារបស់វិទ្យុ បានបំពានទាំងស្រុងលើរដ្ឋធម្មនុញ្ញ ដែលចែងពី «ព្រះមហាក្សត្រ មិនអាចនរណាបំពានបាន» ព្រមទាំងបានប្រាសចាកឆ្ងាយពីច្បាប់ស្តីពីរបបសារព័ត៌មាន និងបានប្រាសចាកទាំងស្រុងចេញគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន។ អ្នកគ្រប់គ្រងវិទ្យុ ព្រមទាំងអ្នកផ្សាយផង មិនគួរធ្វើខ្លួនដូចជនក្បត់ជាតិបីជំនាន់ ដែលបាត់បង់ភាពជាមនុស្ស គ្មានសីលធម៌ និងមិនដឹងពីគុណតម្លៃ ហើយរំលោភបំពានក្រមសីលធម៌វិជ្ជាជីវៈខ្លួនឯងគួរឱ្យអៀនខ្មាសពន់ពេក៕

សូមអានលិខិតអំពាវនាវខាងក្រោម៖