ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) លើកទី៩ នៅខេត្តសៀមរាប លោក រចនា ស៊ីង (Rajnath Singh) រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌាបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជាសម្រាប់ថ្ងៃអនាគត ។
ក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃ២២ វិច្ឆិកា លោក រចនា ស៊ីង បានលើកទ្បើងអំពីទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ឥណ្ឌា តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ។ លោកថា បន្តទៅមុខទៀត ទំនាក់ទំនងដ៏ល្អជិតស្និទ្ធនេះ ក៏នឹងត្រូវបានបន្តពង្រឹង និងពង្រីកឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។
លើសពីនេះ លោករដ្ឋមន្ត្រីក៏បានបង្ហាញនូវការគាំទ្រ យ៉ាងពេញទំហឹងចំពោះបេក្ខភាពរបស់ លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ពេលអនាគត។
ជាការឆ្លើយតបឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជាក្នុងកាលៈទេសៈលំបាកចាប់តាំងពីក្រោយសម័យរបបប៉ុលពត និងដំណាក់កាលស្វែងរកសន្តិភាពរហូតក្លាយជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិមកកម្ពុជាផងដែរ។
ជាមួយគ្នានេះដែរ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១២ វិច្ឆិកា លោក Jagdeep Dhankha អនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា បានបញ្ជាក់ថា ឥណ្ឌាកំពុងរំពឹងដល់ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះមហាក្សត្រកម្ពុជា និងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់ឥណ្ឌា ដើម្បីរំឭកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌា និងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែរឹងមាំថែមទៀត ៕ ដោយ៖ រិន ចំរើន