ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានលើកឡើងថា កាលពី១០ឆ្នាំមុន សម្តេចបានស្នើឱ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ«តំបន់ដែលគ្មានជម្លោះ» នៅក្នុងអាស៊ីអាគ្នេយ៍ តែគ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិតអំពីការកើតមានឡើងវិញ នៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ប៉ុន្តែឥឡូវបានឃើញហើយ គឺសង្គ្រាមស៊ីវិលកំពុងកើតមាននៅមីយ៉ាន់ម៉ា។
ភូមា ឬមីយ៉ាន់ម៉ាបានកើតមានសង្រ្គាមនៅក្នុងប្រទេសជាង១ឆ្នាំមកហើយ ដោយសារមេដឹកនាំរបបយោធា លោក មីន អោងឡាំង បានធ្វើរដ្ឋប្រហារទំលាក់លោកស្រី អោង សានស៊ូជី ចេញពីអំណាចក្រោយការបោះឆ្នោត។
ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩នាថ្ងៃ២៣ វិច្ឆិកា សម្តេចតេជោគូសបញ្ជាក់ថា «កាលពីដប់ឆ្នាំមុន ខ្ញុំបានស្នើឱ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ «តំបន់ដែលគ្មានជម្លោះ» នៅក្នុងអាស៊ីអាគ្នេយ៍ ។ នៅពេលនោះគ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិតអំពីការកើតមានឡើងវិញ នៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ។ ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ាកំពុងរំកិលទៅរកសង្គ្រាមស៊ីវិល ។ នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិលបានកើតឡើងរួចទៅហើយ»។
សម្តេចតេជោបន្តថា ក្នុងនាមជាជនរងគ្រោះនៃសង្គ្រាមស៊ីវិលជាង៣ទសវត្សរ៍ មានបទពិសោធន៍មួយចំនួន ដើម្បីចែករំលែកជាមួយប្រទេសដទៃទៀត ក្នុងការធ្វើឱ្យមានសន្តិភាព កសាងសន្តិភាព រក្សាសន្តិភាព និងកសាងប្រទេសជាតិនៅក្រោយសង្គ្រាមផងដែរ។
ជាមួយគ្នានោះដែរ សម្តេចតេជោបានឲ្យប្រទេសដែលកំពុងរងគ្រោះដោយសារសង្គ្រាមយ៉ាងដូច្នេះថា «ដោយបានរៀនសូត្រអំពីដំណើរការសន្តិភាពនៅកម្ពុជា ជាពិសេសក្រោមគោលនយោបាយឈ្នះ-ឈ្នះ នៅទសវត្សរ៍ឆ្នាំ១៩៩០ ខ្ញុំចង់ធ្វើការសង្ខេបជាបីចំណុច នៅពេលនេះ ។ ទី១-យើងត្រូវតែរក្សាទ្វារឱ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និងការចរចាប្រកបដោយបរិយាបន្ន ។ ទី២-យើងត្រូវធានានូវសុវត្ថិភាព, យុត្តិធម៌ និងសុខុមាលភាពរបស់គ្រប់ភាគីទាំងអស់ ។ ទី៣-យើងត្រូវមានភាពម្ចាស់ការ ខណៈដែល កំពុងទទួលខុសត្រូវលើដំណើរការសន្តិភាព ។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ចំពោះការចរចាសន្តិភាព»។
សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា អាស៊ាន បានក្លាយជាចំណុចស្នូលនៃដំណើរការជំរុញឱ្យមានការធ្វើសមាហរណកម្មតំបន់, ការអាស្រ័យគ្នាទៅវិញទៅមក និងការផ្សារភ្ជាប់គ្នា៕ ដោយ៖ រិន ចំរើន