ភ្នំពេញ:រដ្ឋបាលគយប្រទេសចិនប្រកាសអំពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចនិងជលផលធម្មជាតិរបស់កម្ពុជាទៅកាន់ប្រទេសចិន។
ស្ថានទូតចិនប្រចាំកម្ពុជា ឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកានេះថា នាថ្ងៃទី២១ខែវិច្ឆិកា រដ្ឋបាលគយប្រទេសចិនបានចេញសេចក្តីប្រកាស ស្តីអំពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចកម្ពុជាទៅកាន់ប្រទេសចិន។
ក្នុងសេចក្តីប្រកាសបានបង្ហាញបន្តទៀតថា យោងតាមច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធក្នុងប្រទេសចិន និងបទប្បញ្ញត្តិរវាងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិននិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលម្រេចកម្ពុជាទៅកាន់ប្រទេសចិន បានឱ្យដឹងថា ចាប់ពីថ្ងៃនៃប្រកាសនេះតទៅ អនុញ្ញាតនាំចូលតែម្រេចកម្ពុជាដែលសមស្របនឹងលក្ខខណ្ឌតម្រូវការ។
នាថ្ងៃដដែលនេះ រដ្ឋបាលគយប្រទេសចិនក៏បានចេញសេចក្តីប្រកាសមួយទៀត ស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលជលផលធម្មជាតិរបស់កម្ពុជាទៅកាន់ប្រទេសចិន។
សេចក្តីប្រកាសនេះបានបង្ហាញថា យោងតាមច្បាប់បទប្បញ្ញត្តិពាក់ព័ន្ធក្នុងប្រទេសចិន និងបទប្បញ្ញត្តិរវាងរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិននិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃព្រះរាជាណាចក្រកម្ពុជាស្តីពីលក្ខខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់ការនាំចូលជលផលធម្មជាតិក្នុងប្រទេសកម្ពុជាទៅកាន់ប្រទេសចិន និងព្រមទាំងលក្ខខណ្ឌតម្រូវការអនាម័យកំណត់ដោយពេទ្យសត្វ បានឱ្យដឹងថា ចាប់ពីថ្ងៃនៃប្រកាសនេះតទៅ អនុញ្ញាតនាំចូលតែជលផលធម្មជាតិក្នុងប្រទេសកម្ពុជាដែលសមស្របនឹងលក្ខខណ្ឌតម្រូវការ៕ ដោយ៖ ពុទ្ធិពល