ភ្នំពេញ៖ ថ្មីៗនែះទាក់ទងទៅនឹងការបែកធ្លាយបទចម្រៀងរបស់តារាចម្រៀង ហ៊ីប ហប់ (Hip Hop) ជាអ្នកចម្រៀងដ៏មានកិត្តិនាមនៅលើឆាកជាតិ និងអន្ដរជាតិ មានជាអាទិ៏ក្នុងបទ “ Time to rise, Mama “ លោក ម៉ាន់ វណ្ណដា ហៅ វណ្ណដា ដែលការបែកធ្លាយបទចម្រៀងកើតឡើងកាលពីដើមខែវិច្ឆិកា។ បទដែលបែកធ្លាយនេះមានចំណងជើងថា J+O 2 នៅក្នុងអ៊ាលប៊ុម Skull 2 (Season 1) បន្ទាប់ពីបានដឹងការបែកធ្លាយបទចម្រៀងរបស់ខ្លួន មុនកាលកំណត់ ខណ:ពេលនោះ លោកមានការខឹងសម្បារជាខ្លាំង ក៏ង្ខំចិត្តឱ្យរូបលោកចូលទៅកែបារ៉ូលចម្រៀងទាំងយប់ នឹងចេញផ្សាយទាំងយប់ ក្រោយមកនៅថ្ងៃទី១៥ ខែវិច្ឆិកា ដដែល លោកក៏បានប្រកាសថា << ខ្ញុំវណ្ណដា សូមបោះចោលរាល់បទទាំងអស់ដែលបានបែកធ្លាយក្នុងថ្ងៃនេះ និង នៅពេលខាងមុខសម្រាប់អ្នកដែលចែកចាយបទបែកធ្លាយរបស់ខ្ញុំទាំងfolder សូមបន្តស្តាប់ទៀតចុះ ព្រោះអ្នកបានបំផ្លាញបេះដូងខ្ញុំរួចរាល់ហើយ>>។
នៅថ្ងៃទី២២ ខែវិច្ចិកានេះ បារមី (Baramey Productin) បានចេញសេចក្ដីប្រកាសព័ត៌មាន និងភ្ជាប់មកជាមួយខ្លឹមសារដ៏វែង ឱ្យដឹងថា ផលិតកម្ម បារមី បានដាក់បណ្ដឹសូមអន្ដរាគមន៏ពីក្រសួង វប្បធម័ និងវិចិត្រសិល្ប:ដើម្បីការពារសិទ្ធិ និងផលប្រយោជន៏ ស្របច្បាប់របស់អ្នកនិពន្ធដូចមានការការពារនៅក្នុងច្បាប់ស្ដីពី សិទ្ធអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល ដែលរដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តកាលពី២០០៣ ។
បារមី បង្ហើបឱ្យដឹងថា “ករណីបែកធ្លាយនិងយកស្នាដៃតូរ្យតន្រ្ដីយ៉ាងហោចណាស់ ២២ បទ ទៅប្រើប្រាស់តាមបណ្ដាញសង្គមនានា ដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ”។
ដោយឡែកនូវខ្លឹមសារចំណងជើងដែលភ្ជាប់មកដ៏វែងនោះ បានសង្កត់ធ្ងន់ៗថា ទាក់ទងនឹងករណីបែកធ្លាយបទចម្រៀងថ្មីៗនេះ បារមីជឿជាក់ថា សាធុជនទាំងអស់គ្នាមានការមន្ទិលសង្ស័យ និងឆ្ងល់ថា ហេតុអ្វីបានជាបារមីស្ងាត់ម៉្លេះក្នុងរយៈពេលកន្លងមកនេះ? កន្លងមកនេះបារមីកំពុងតែចំណាយពេលធ្វើការស៊ើបអង្កេត និង ស្រាវជ្រាវឯកជនដោយស្ងប់ស្ងាត់ និង ធ្វើការសុំអន្តរគមន៍ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីធ្វើការប្រមូលព័ត៌មានដែលពិតប្រាកដ និងត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ និងការពារសមិទ្ធិផលរបស់សិល្បកររបស់យើងយោងតាមច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល និង អនុសញ្ញាទីក្រុងប៊ែនស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រនិងសិល្បៈ។
បារមី បន្ថែមទៀតថា មកដល់ថ្ងៃនេះ បារមីបានប្រមូលឯកសារភ័ស្តុតាងជាង ៥០សំណុំ និង រកឃើញមនុស្សពាក់ព័ន្ធនឹងការបែកធ្លាយនេះ ដែលពួកគេទាំងអស់បានចូលរួមសហការណ៍ជាមួយនឹងបារមី ក្នុងការស្វែងរកអ្នកដែលបានចែកចាយនូវបទចម្រៀងបែកធ្លាយបន្តទៀត។ សម្រាប់អ្នកដែលបានផុស និងចែករំលែកបទចម្រៀងដែលបានOrបែកធ្លាយដោយគ្មានការអនុញ្ញាតទាំងអស់ អ្នកទាំងអស់គ្នាមានរយៈពេល ១៥ថ្ងៃដើម្បីលុបចេញនៅការផុសទាំងអស់រាប់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ មុនពេលដែលខាងយើងត្រូវធ្វើការចាត់វិធានការតាមផ្លូវច្បាប់។ បារមី សូមសំណូមពរទៅដល់មហាជនគ្រប់រូបចូលរួមធ្វើការ ចែកចាយនូវអត្ថបទមួយនេះទៅកាន់ មិត្តភ័ក្តិ បងប្អូន ជាពិសេសទៅកាន់អ្នកដែលបានចែកចាយនូវបទចម្រៀង ដែលបានបែកធ្លាយ និងសូមឱ្យអ្នករាល់គ្នា មេត្តាគោរពនូវកម្មសិទ្ធិបញ្ញា ស្នាដៃរបស់អ្នកនិពន្ធ និង សិទ្ធិរបស់ អ្នកនិពន្ធគ្រប់រូប។
ទន្ទឹមនឹងនេះ បារមី បញ្ជាក់ថា បារមី នឹងមិនធ្វើបណ្ដឹងព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ចំពោះបងប្អូនទាំងឡាយណាដែលយក ទៅប្រើប្រាស់ដោយមិនយល់ពីច្បាប់ខាងលើ ។ បារមី សូមអំពាវនាវទៅដល់សាធារណជនទាំងអស់គ្នាម្ដងទៀតមេត្តា បញ្ឈប់ និង លុបចោលរាល់ការចែកចាយបទចម្រៀងដែលបែកធ្លាយដើម្បីគោរពនិង ការពារស្នាដៃកម្មសិទ្ធិបញ្ញារបស់សិល្បករយើង ក៏ដូចជាឧស្សាហកម្មសិល្ប:តន្រ្ដីទាំងមូល៕ ដោយ៖ សៀង ហៃ