សម្តេចតេជោ ៖ អគ្គលេខាធិការUN ជួបខ្ញុំពេលណាមិនដែលនិយាយពីកិច្ចការផ្ទៃក្នុងកម្ពុជាទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា រាល់ពេលសម្តេចជួបអគ្គលេ ខាធិការអង្គការសហប្រជាតិ(UN)លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នគឺមិនបានលើកពីបញ្ហាផ្ទៃក្នុងកម្ពុជាឡើយ ។ ជាក់ស្តែង ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិកន្លងមក លើទឹកដីកម្ពុជា មិនបាននិយាយបញ្ហាកម្ពុជានោះទេ។

បើតាមសម្តេចតេជោ គឺសម្តេចបានស្គាល់លោក អង់តូនីញ៉ូ ហ្គោទែរ៉េស តាំងពីអំឡុងឆ្នាំ១៩៨០មកម្ល៉េះ តាំងពីជំនាន់លោក អង់តូនីញ៉ូ ហ្គោទែរ៉េស ធ្វើជានាយក រដ្ឋមន្រ្តីប្រទេសព័រទុយហ្គាល។

ក្នុងឱកាសអញ្ជើញបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃ សកម្មភាពមីននៅកម្ពុជា នាថ្ងៃ២២ វិច្ឆិកាសម្តេចតេជោមានប្រសាសន៍ថា ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាតិ ពេលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ដែលកម្ពុជាធ្វើម្ចាស់ផ្ទះប៉ុន្មានថ្ងៃមុនគឺនិយាយតែរឿងមីន ទាក់ទងកិច្ចសហប្រតិបត្តិការលើការបញ្ជូនកងកំលាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងបញ្ហាកាត់ទោសខ្មែរ ក្រហម តែសម្តេចភ្ញាក់ផ្អើលចំពោះព័ត៌មានផ្សាយថា អគ្គលេខាធិការUN បានស្នើឲ្យកម្ពុជាធ្វើនេះធ្វើនោះទាក់ទងនឹងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៅវិញ ខណៈចំណុចនេះអត់មានទាល់តែសោះ។

សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា «ខ្ញុំជាមួយអង់តូនីញ៉ូ ហ្គោទែរ៉េស និយាយឲ្យពិតជាមួយគ្នាយើងជាដៃគូល្អជាមួយគ្នាតាំងពីរទស្សវត្ស៨០មកម៉្លេះដែលពេល នោះ គាត់ជានាយករដ្ឋមន្ត្រីព័រទុយហ្គាល ។ ខ្ញុំជានាយករដ្ឋមន្ត្រីកម្ពុជា អីចឹងយើងស្គាល់គ្នា មិនមែនតែមួយថ្ងៃ ឬពីរថ្ងៃនោះទេ! ។ គាត់ជួបខ្ញុំពេលណា ក៏ដោយគាត់មិនដែលនិយាយពីកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ ប៉ុន្តែមិនដឹងថាអ្នកណា? ឬមន្ត្រីUNរូបណាបញ្ចេញរឿងដែលប្រកាសព័ត៌មានហ្នឹងចេញ ឬពួកក្រុមមនុស្សណាចេញតែបំផុសព័ត៌មាន»។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានគូសបញ្ជាក់ថា “ប្រហែលជាលោកអគ្គលេខាធិការអង្គការសហប្រជាជាតិមិនបានមើលទេ ដោយគេថាលោកអគ្គលេខា ធិការស្នើឲ្យខ្ញុំធ្វើនេះ ធ្វើនោះ រហូតដល់រាលដាលដល់ប្រធានាធិបតី ចូ បៃឌិនទៀត”៕ ដោយ៖ រិន ចំរើន