សម្ដេចតេជោ ៖ ក្នុងជំនួបជាមួយលោក ចូ ដៃឌិន គ្មាននិយាយរឿង ដោះលែង សេង សុធារី

ភ្នំពេញ ៖ ករណីកញ្ញាសេង ធារីដែលកំពុងជាប់ពន្ធនា គារមានការលើកឡើងថា ក្នុងជួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និងលោកចូ បៃឌិន ប្រធានាធិបតីសហរដ្ឋ អាមេរិកកន្លងមក នឹងមានការដោះលែងឲ្យមានសេរីភាព ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានបកស្រាយត្រឡប់ទៅវិញថា ក្នុងជំនួបពិភាក្សាការងារនោះគឺគ្មាននិយាយរឿងដោះលែង កញ្ញា សេង ធារី ឡើយ។

បន្ទាប់ពីបញ្ចប់ជំនួបរវាងសម្តេចតេជោ ជាមួយលោកចូ បៃឌិន ក្នុងឱកាសលោកប្រធានាធិបតីមហាអំណាចរូប នេះ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១នៅកម្ពុជា នាថ្ងៃ១២-១៣វិច្ឆិកា មានសារព័ត៌មានដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល និងក្រុមប្រឆាំងជាដើម បាននាំគ្នានិយាយថា នឹងមានការ ដោះលែងកញ្ញា សេង ធារី ។

ប៉ុន្តែក្នុងឱកាសអញ្ជើញបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីឲ្យអស់ការសង្ស័យ សម្ដេចតេជោ បកស្រាយបញ្ជាក់យ៉ាងច្បាស់ៗថា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចូ បៃដិន សម្ដេចគ្រាន់តែលើកឡើងពីបញ្ហាដោះមីននៅកម្ពុជាប៉ុណ្ណោះ ក្រោយពីប្រទេសមួយនេះ ទទួលរងគ្រោះច្រើនពេក ក្រោយសម័យសង្គ្រាម។

ចំពោះករណី សេង ធារី ដែលសម្តេចហៅមិនចំឈ្មោះ ដោយមានងារជាអប្សរាក្បាលត្រងោលនោះ សម្ដេចតេជោគូសបញ្ជាក់ថា «ស្រាប់តែចេញឯណាដោះលែងអប្សរាក្បាលត្រងោល (សេង ធារី)។ ខ្ញុំ មិនបានលឺ ចូ បៃដិន និយាយជាមួយខ្ញុំរឿងហ្នឹង ព្រោះអត់លឺ…ចេញទៅឯណា។ ខ្ញុំមិនយល់ដែរ តើអ្នកចេញព័ត៌មានហ្នឹង…ព័ត៌មានហ្នឹងអ្នកណាសរសេរ? បើប្រធានាធិបតីអាមេរិក អត់និយាយជាមួយខ្ញុំ រឿងហ្នឹងផង»។

ម្យ៉ាងទៀតសម្ដេចតេជោបង្ហើបទៀតថា ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចូ បៃដិន នាពេលនោះ ក៏បានលើកឡើងពីការបើកលំហូរប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ ។ ដោយសម្ដេចសង្កត់ជាថ្មីថា “បើនិយាយអំពីតួអង្គមនុស្សនេះ មនុស្សនោះ គឺគ្មានឡើយ”។

សូមបញ្ជាក់ថា កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកនោះ គឺជាអ្នកជំនាញខាងច្បាប់ និងអតីតមន្រ្តីបក្សប្រឆាំងផ្សេងទៀត បានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» របស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់។

កញ្ញា សេង ធារី ត្រូវបានចាប់ខ្លួនបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៦ឆ្នាំ ក្រោមការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

គួរកត់សំគាល់ថា ឲ្យតែដល់កាលបរិច្ឆេទឡើងសវនាការម្តងៗកញ្ញា សេង ធារីតែងតែរៀបចំខ្លួនប្លែកៗដើម្បីឲ្យក្លាយជាទីចាប់អារម្មណ៍ពីមហាជន។ ប៉ុន្តែអ្វីដែលជាទីចាប់អារម្មណ៍ខ្លាំងនោះ គឺកញ្ញា បានតែងខ្លួនជានារីអប្សរា អមដោយការកោរសក់៕ ដោយ៖ រិន ចំរើន