ខេត្តបាត់ដំបងជាខេត្តដែលមានសក្តានុពល តែ មិនទាន់កែច្នៃឱ្យអស់លទ្ធិភាព

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង លោក សុខ លូ លើកឡើងថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខ្លាំង ប៉ុន្តែអ្វីដែលយើងកែច្នៃចេញពីសក្ដានុពលទាំងនោះ គឺមានលក្ខណៈតិចតួចតែប៉ុណ្ណោះទេ និងមិនទាន់កែច្នៃឱ្យអស់លទ្ធភាព ។

ការលើកឡើងរបស់លោក សុខ លូ នេះធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្សផ្សាយ បើកការិយាល័យចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបាត់ដំបង អាណត្តិទី១ លើកទី២ ក្រោមអធិបតីភាព លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីនេះ ។

លោកបន្តថា នៅថ្ងៃអនាគតរាជរដ្ឋាភិបាលគ្រោងនឹងធ្វើផ្លូវពីខេត្តបាត់ដំបងទៅខេត្តសៀមរាប ផ្លូវពីខេត្តបាត់ដំបង ទៅខេត្តកោះកុង និងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតដែលបង្កឱ្យខេត្តបាត់ដំបងនេះជាខេត្តលេចធ្លោមួយនៅក្នុងប្រទេស ក្នុងវិស័យដឹកជញ្ជូន ការធ្វើដំណើរទៅកាន់ទីគ្រប់កន្លែងជិតឆ្ងាយ ។

លោកថ្លែងថា សព្វថ្ងៃនេះផលិតផលកសិកម្មរបស់យើងមិនទាន់មានការកែច្នៃអស់នៅឡើយ ដោយសារមិនទាន់មានរោងចក្រកែច្នៃគ្រប់គ្រាន់ ដូចនេះត្រូវការសភាពាណិជ្ជកម្មមួយដែលខ្លាំងដើម្បីធ្វើការផ្សព្វផ្សាយទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេសឱ្យមកវិនិយោគកាន់តែច្រើនឡើងនៅក្នុងប្រទេស ក្នុងន័យដើម្បីឱ្យកំណើនជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ធ្វើឱ្យផលដំណាំកសិកម្មមានតម្លៃទទួលយកបាន៕​ ពុទ្ធិពល