ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អាទិភាពលើការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន ពហុភាគីនិយម ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដាក់គ្នារវាងប្រទេសមហាអំណាច។
ថ្លែងក្នុងមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ (AIPA-43) ក្រោមប្រធានបទ «បោះជំហ៊ានទៅមុន ដើម្បីចីរភាព, បរិយាបន្ទ និងភាពធន់របស់អាស៊ាន» នាថ្ងៃ២១ វិច្ឆិកា សម្តេចតេជោបានមានប្រសាសន៍ថាអាស៊ានកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការអនុវត្តនូវផែនការសកម្មភាព និងគំនិតផ្តួចផ្តើមពាក់ព័ន្ធនានាបានដាក់ចេញ ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីកាលានុវត្តភាពដែលកើតចេញពីនិន្នាការសកល ដូចជាឌីជីថលរូបនីយកម្ម, សេដ្ឋកិច្ច, សេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមជាពិសេសការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងអាស៊ីប ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន ។ សម្តេចថា កិច្ចការទាំងនេះ នឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការជំរុញការតភ្ជាប់គ្រប់វិស័យ ក៏ដូចជាការរួមគ្នាឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនានា ។
សម្តេចតេជោគូសបញ្ជាក់ថា «ក្នុងទិដ្ឋភាពនយោបាយ និងសន្តិសុខ កម្ពុជាបានបន្តផ្តល់អាទិភាពលើការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ានព្រមទាំងប្រកាន់ខ្ជាប់នូវយន្តការពហុភាគីនិយមដែលជាយន្តការតំបន់ដ៏សំខាន់ ក្នុងការចូលរួមចំណែក បន្ធូរបន្ថយភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាច ជាពិសេសតាមរយៈការបន្តលើកកម្ពស់កិច្ចសន្ទនាជាមួយ ដៃគូក្នុងវេទិកានានា »។
ជាមួយគ្នានេះ ទោះជាមិនទាន់អាចដោះស្រាយបានទាំងស្រុងនូវបញ្ហាសន្តិសុខនានាក្នុងតំបន់ ក៏សម្តេចជឿជាក់ថា លទ្ធផលវិជ្ជមាននៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកំណត់នូវចំណុចរួមសំខាន់ៗមួយចំនួនដែលបានផ្តល់ជាបច្ច័យសម្រាប់ការស្វែងរកដំណោះស្រាយ ដើម្បីធានាឱ្យបាននូវសន្តិសុខស្ថិរភាព និងការអភិវឌ្ឍ ។
ទន្ទឹមនឹងនេះ សម្តេចតេជោក៏អបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអេប៉ិច (APEC) រៀបចំដោយប្រទេសថៃ និងG2 ដោយប្រទេសឥណ្ឌូនេស៊ី ។ សម្តេចជឿជាក់យ៉ាងមុតមាំថា សមិទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន, អេប៉ិច និង G20ដែលរៀបចំ ឡើងដោយសមាជិកអាស៊ានក្នុងឆ្នាំនេះ នឹងជាវិភាគទានដ៏សំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាព និង មជ្ឈភាពអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ និងសកល ៕ ដោយ៖ រិន ចំរើន