គ.ជ.ប ចេញសេចក្តីបំភ្លឺលើកង្វល់ពាក់ព័ន្ធនឹងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានចេញសេចក្ដីបំភ្លឺ លើកង្វល់របស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

យោងតាមសចក្តីបំភ្លឺរបស់គជប ចេញផ្សាយនៅថ្ងៃទី ១៨ ខែវិច្ឆិកា នេះ ឱ្យដឹងថា ថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កត់សម្គាល់ឃើញមានប្រតិកម្ម និងកង្វល់របស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលមួយចំនួនពាក់ព័ន្ធនឹងការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ។

សេចក្តីបំភ្លឺនេះ បន្តថា ទន្ទឹមនឹងនេះ គ.ជ.ប ក៏សូមជម្រាបជូនសាធារណជន និងភាគីពាក់ព័ន្ធទាំងអស់មេត្តាជ្រាបថា សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងដោយផ្អែកទៅលើមូលដ្ឋានសំខាន់ៗ៖
ទី១- ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់នេះ
ទី២- បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨
ទី៣- គោលការណ៍ទំនើបកម្ម និងគោលការណ៍អនុវត្តមួយចំនួនទៀត ដែល គ.ជ.ប បានសម្រេចដាក់ឱ្យប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

ជារួម សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ស្ទើរតែរក្សាទាំងស្រុងនូវខ្លឹមសារដើមនៃបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដោយគ្រាន់តែកែសម្រួលលក្ខខណ្ឌបច្ចេកទេសមួយចំនួនដែល គ.ជ.ប បានដាក់ឱ្យអនុវត្ត និងទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមក

គ.ជ.ប សូមស្វាគមន៍ចំពោះមតិយោបល់របស់ភាគីពាក់ព័ន្ធទាំងអស់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ហើយ គ.ជ.ប នឹងធ្វើការពិនិត្យ និងពិចារណាលើរាល់មតិយោបល់ដែលបានលើកឡើង ដោយផ្អែកលើស្មារតីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន។

អគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានកិច្ចការបោះឆ្នោត គណបក្សខ្មែររួបរួមជាតិ នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ បានឱ្យដឹងថា ខ្លួបានខិតខំព្យាយាមពិនិត្យលើសេចក្ដីព្រាង បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រលសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដ្បិតតែពេលវេលាខ្លីដែល គជប បានកំណត់ក៏ដោយ។

គណបក្សខ្មែររួបរួមជាតិ បានផ្ដល់យោបល់ និងស្នើកែសម្រួលលើសេចក្ដីព្រាងនោះមួយចំនួនផងដែរ តាមរយ:លិខិត ដែលបានបញ្ជូនទៅ គជប នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕ ដោយ៖ ពុទ្ធិពល