ភ្នំពេញ៖ ក្រោយបែកធ្លាយរូបថតឈរឱបនិងខ្សឹបជាមួយស្រីស្អាតម្នាក់ក្នុងទឹកមុខសើចសប្បាយក្នុងក្លឹបកំសាន្តមួយកន្លែងចំនួនពីរសន្លឹក ហើយត្រូវអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបង្ហោះចែកចាយពាសពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បន្ថែមជាមួយការភ្ជាប់សារឌឺដងមើលងាយចំពោះសកម្មភាពរបស់លោក ហើយក៏មានដែរអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងមួយចំនួនចាត់ទុកថា សកម្មភាពបែបនេះគឺជារឿងធម្មតាក្នុងជីវិតឯកជនរបស់គាត់តែប៉ុណ្ណោះ។
នៅមិនស្ងៀមឡើយក្រោយផ្ទុះរឿងបែបនេះ អ្នឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលគេដឹងឭនិងស្គាល់ជាទូទៅថាជាអ្នកចែករំលែកសារអប់រំ និងពាក់ព័ន្ធនឹងបញ្ហាសុខភាពដ៏មានប្រជាប្រិយភាពលើបណ្តាញទំនាក់ទំនងសង្គម ហើយក៏ជាប្រធានក្រុមហ៊ុន ម៉េងលី ជេ.គួច គ្រុប ដែរនោះ លើបណ្តាញទំនាក់ទំនងសង្គមរបស់លោកនៅថ្ងៃទី១៨ វិច្ឆិកានេះ លោកបានពន្យល់ថា «ថ្មីៗនេះមានក្មួយស្រីម្នាក់ បានសុំខ្ញុំថតក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់ខ្ញុំទុកជាអនុស្សាវរីយ៍ ប៉ុន្តែផ្ទុយទៅវិញគាត់បានយករូបថតនោះមកបង្ហោះនៅលើហ្វេសប៊ុកហើយសរសេរចំណងជើង (caption) មិនសមរម្យ ធ្វើឱ្យមានការយល់ច្រឡំក្នុងចំណោមសាធារណជន»។
ឆ្លើយតបទៅនឹងទង្វើខាងលើនេះ លោកថា «ក្មួយស្រី អរគុណច្រើនដែលបានថត ហើយនិងបានផុស។ រូបភាពនេះពិតជាស្អាត ប៉ុន្តែក្មួយមកសុំលោកគ្រូថតទុកជាអនុស្សាវរីយ៍ក្នុងកម្មវិធីក្រុមគ្រួសារមិត្តភ័ក្កិលោកគ្រូទេ ចុះម្ដេចបានជាក្មួយផុសហើយនិយាយអ៊ីចឹងទៅវិញ តិចគេច្រឡំថាក្មួយផ្ដេសផ្ដាសទៅ?»។
បន្ថែមជាមួយការបកស្រាយលោកក៏បានផ្ញើសារទៅកាន់អ្នកដែលចែករំលែក និងយករូបលោកទៅបញ្ចេញបញ្ចូលថា «សម្រាប់ជូនដល់អ្នកដែលចែករំលែកបន្ត (share) និង troll អវិជ្ជមាន សូមអស់លោកអ្នកទាំងអស់គ្នា មេត្តាចេះគិតពិចារណាប្រកបដោយវិជ្ជាជីវៈផង។ សូមភ្ញាក់ឡើង! ខ្ញុំក៏ជាបុគ្គលម្នាក់ដូចអ្នកទាំងអស់គ្នាដែរ ដែលអាចមានព្រឹត្តិការណ៍ផ្ទាល់ខ្លួន គ្រួសារ និងព្រឹត្តិការណ៍គ្រួសាររីករាយផ្សេងៗ»៕ ដោយ៖ ឧត្តម