ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុនដែលជាបេសកជនពិសេសនៃប្រធានអាស៊ាន នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចលើកទី៣ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា «ក្នុងបំណងបន្តកិច្ចប្រឹងប្រែងដែលបានធ្វើតាំងតែពីដើមអាណតិ្ត ជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ា វិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ បេសកជនពិសេសនឹងធ្វើដំណើរទស្សនកិច្ចលើកទី៣ ដូចបានគ្រោងទុកកន្លងមក នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ» ។
ក្នុងដំណើរទស្សនកិច្ចលើកទី៣ ទៅកាន់មីយ៉ាន់ម៉ានេះដែរ លោក ប្រាក់ សុខុន សង្ឃឹមថា នឹងអាចសម្រេច បាននូវវឌ្ឍនភាពបន្ថែមទៀត លើអាទិភាពចំនួនបីនៃ កិច្ចព្រមព្រៀងជាឯកឆន្ទ៥ចំណុច គឺការបញ្ចប់អំពើហិង្សា ការសម្របសម្រួលការចែកជំនួយមនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្តសម្រាប់កិច្ចសន្ទនាសន្តិភាព ប្រកបដោយបរិយាប័ន្ន ៕ ដោយ៖ រិន ចំរើន