លោក ប្រាក់ សុខុន ចាត់ទុកការដោះលែងអ្នកទោស ទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ា ជាសញ្ញាល្អស្វែងរកដំណោះស្រាយ

ភ្នំពេញ៖ បេសកជនពិសេសនៃប្រធានអាស៊ាន ទទួល បន្ទុកបញ្ហាមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានចាត់ ទុកការដោះលែង អ្នកទោសទ្រង់ទ្រាយធំនៅមីយ៉ាន់ម៉ាថា ជាសញ្ញាបង្ហាញពីសុឆន្ទៈក្នុងការស្វែងរក ដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និងបំណងប្រាថ្នាកិច្ចព្រមព្រៀងជាឯកឆន្ទ ៥ចំណុច ដែលសម្រេចក្នុងកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅថ្ងៃទី២៤ មេសា ឆ្នាំ២០២១។ នេះបើតាមសេចក្តីថ្លែងការណ៍នាថ្ងៃ១៨ វិច្ឆិកា។

ការលើកឡើងរបស់លោក ប្រាក់ សុខុន បែបនេះធ្វើឡើងបន្ទាប់ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃមីយ៉ាន់ម៉ា កាលពីពេលថ្មីៗកន្លងទៅនេះ បានសម្រេចដោះលែងអ្នកទោសទ្រង់ទ្រាយធំ ។

ជាមួយគ្នានេះ បេសកជនពិសេស ក៏ចាត់ទុកការដោះលែងអ្នកទោស ទ្រង់ទ្រាយធំនេះថា ជាកាយវិកាដ៏សំខាន់ក្នុងទិសដៅត្រឹមត្រូវ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ចាប់ផ្តើមដំណើរការសន្ទនា ក្នុងចំណោមភាគី ពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា។

អ្នកទោសដែលក្រុមប្រឹក្សារដ្ឋបាលរដ្ឋ មីយ៉ាន់ម៉ា ដោះលែងនោះរួមមាន៖ លោក ច ទិនស្វេ អតីតរដ្ឋមន្ត្រីការិយាល័យទីប្រឹក្សារដ្ឋ, អ្នកស្រី ឡី ឡី ម៉ អតីតអភិបាលតំបន់តានីនតាយី (Tanintharyi), លោក ម្ញា អៃ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជំនាន់៨៨៨៨, បណ្ឌិត ម្ញោ ញុនត៍ សមាជិកគណៈកម្មាធិការកណ្តាល និងជាអ្នកនាំពាក្យនៃបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD), លោក ថេន អ៊ូ សមាជិកគណៈកម្មាធិការកណ្តាលបក្ស NLD, លោក ច ហូ ទីប្រឹក្សាច្បាប់បក្ស NLD, សាស្រ្តាចារ្យ ម៉ោង តាឆូ និងព្រះតេជគុណ ស្វ៊ែ ញ៉ាវ៉ារ លោកស្រី វីគី បូម៉ែន អតីតឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅមីយ៉ាន់ម៉ា និងស្វាមី លោកសាស្រ្តាចារ្យ សន ធើណែល ជាអតីតទីប្រឹក្សានយោបាយសេដ្ឋកិច្ចរបស់លោកស្រី អោង សាន់ស៊ូជី លោក តូរូ គូបូតា ជាអ្នកកាសែត និងផលិតករភាព យន្តជប៉ុន និងលោក ច ថេ អ៊ូ ជាពលរដ្ឋអាមេរិក៕