រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងមកចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការពារជាតិអាស៊ាននៅកម្ពុជា

ភ្នំពេញ៖ លោកPatrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាអះអាងថា លោក Lioyd Austuin ដែលជារដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ ថ្ងៃចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅខេត្តសៀមរាបអង្គរ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីការពារជាតិអាស៊ាន(ADMM) និងកិច្ចប្រជុំក្រៅផ្លូវការផ្សេងទៀត ដែលម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជានេះបានអះអាងដូច្នេះ នៅពេលដែលលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅទីស្តីការក្រសួងការពារជាតិកាលពីថ្ងៃទី ១៤ ខែវិច្ឆិកាម្សិលមិញនេះ។

លោក Murphy បានសម្តែងការកោតសរសើរចំពោះកម្ពុជាទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ កិច្ចការអាស៊ាននៅមិនទាន់បានបញ្ចប់នៅឡើយទេគឺនៅពេលខាងមុខនេះ នឹងមានកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការពារជាតិអាស៊ានក្រៅផ្លូវការផ្សេងទៀត។

លោកបន្តថា ដូច្នេះនៅពេលខាងមុខនេះ តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិកម្ពុជា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lioyd Austuin នឹងអញ្ជើញមកកម្ពុជាដើម្បីចូលរួមក្នុងកិច្ចប្រជុំ ADMMនេះ និងកិច្ចពាក់ព័ន្ធក្រៅផ្លូវការផ្សេងទៀតនៅទីក្រុងសៀមរាបអង្គរប្រទេសកម្ពុជា។

លោក ទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា បានថ្លែងថា ភាគីកម្ពុជាបានរៀបចំរួចជាស្រេចនៅក្រុមការងារសម្របសម្រួលរៀបចំទទួលស្វាគមន៍ និង បដិសណ្ឋារកិច្ច ដល់ ប្រមុខដឹកនាំកំពូលការពារជាតិអាស៊ាន និងថ្នាក់ ដឹកនាំកំពូលកិច្ចប្រជុំ ក្រៅផ្លូវការសម្រាប់ការចូលរួមកិច្ចដំណើរនៃកិច្ចប្រជុំខាងលើនេះ។
លោកបន្តថា កិច្ចប្រជុំ ADMM ដែលកម្ពុជានឹងរៀបចំនាពេលសប្តាហ៍ក្រោយនេះ នឹងមានកិច្ចជំនួបរវាងប្រមុខការពារជាតិអាស៊ានជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក រុស្សី និង ឥណ្ឌាផងដែរ។

បើតាម លោក ទៀ បាញ់ នៅក្នុងកិច្ចជំនួនេះ លោក Murphy បាសម្តែងការអបអរសាទរដោយស្មោះអស់ពីដួងចិត្តជាមួយ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ ខណៈកិច្ចប្រជុំនេះ បានធ្វើឡើងដោយទម្រង់ផ្ទាល់ជាលើកទី៣ នៅកម្ពុជាបានដំណើរការទៅយ៉ាងរលូនប្រកបដោយសន្តិសុខសុវត្ថិភាព កិច្ចសហប្រតិបត្តិការ និងសមិទ្ធផលផ្លែផ្កាជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជានោះ។

លោកថ្លែងថា៖ «ខ្ញុំក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក មានទំនាក់ទំនងជិតស្និទ្ធប្រកបដោយផ្លែផ្កា នាំមកនូវឧត្តមប្រយោជន៍ជូនប្រជាជន និងកងទ័ពប្រទេសទាំងពីរ»។

ក្រសួងការពារជាតិកម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលរដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន និង កិច្ចប្រជុំក្រៅផ្លូវការផ្សេងទៀត ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ នៅខេត្តសៀមរាបដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យយោធាទាំងនៅក្នុងតំបន់ និងពិភពលោក៕ ដោយ៖ ពុទ្ធិពល