ភ្នំពេញ៖ លោក ចូ បៃឌិន (Joseph R. Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះយុវជនកម្ពុជា នៅក្នុងជំនួប និងការប្រាស្រ័យជាមួយសមាជិករបស់គម្រោង នៃគំនិតផ្តួចផ្តើមនៃមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ ឬ YSEALI នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងភ្នំពេញ។
ក្នុងឱកាសនោះដែរ មេដឹកនាំសង្គមស៊ីវិល និងសហគ្រិនកម្ពុជាបានពិភាក្សាពីការងារផ្សេងៗរបស់គេដើម្បីជំរុញសិទ្ធិមនុស្ស ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងការអប់រំ និងដើម្បីប្រឆាំង ការជួញដូរមនុស្សនិងការខូចបរិស្ថាន នៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។
ក្នុងជំនួបនោះ លោក ប្រធានាធិបតី ចូ បៃឌិន បានមានប្រសាសន៍ថា “យើងពិតជាយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរបស់យើងជាមួយអាស៊ាន និងទំនាក់ទំនងរបស់យើងជាមួយនឹងប្រជាជន។ នេះគឺជាមូលហេតុដែលខ្ញុំមានវត្តមាននៅទីនេះ ក្នុងពេលនេះ”។ លោក ប្រធានាធិបតីក៏បានថ្លែងសង្កត់ផងដែរពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងមនុស្សជំនាន់ក្រោយនៅអាស៊ីអាគ្នេយ៍។
ដោយសម្តែងការវាយតម្លៃខ្ពស់ចំពោះគម្រោងកម្មវិធីនេះ សមាជិក YSEALI ម្នាក់បាននិយាយថា៖ “បទពិសោធន៍របស់ខ្ញុំនៅក្នុងកម្មវិធី YSEALI បានធ្វើឱ្យជីវិតខ្ញុំមានការប្រែប្រួល។ ក្នុងនាមជាយុវតីម្នាក់ដែលមកពីខេត្ត នៅក្នុងប្រទេសកម្ពុជា ខ្ញុំមានអារម្មណ៍ជាលើកដំបូងថា គេមានជំនឿមកលើខ្ញុំ”។
កម្មវិធីជាមួយយុវជននេះបានធ្វើឡើងបន្ទាប់ពីមានសេចក្តីប្រកាសរបស់ លោកប្រធានាធិបតី Biden នៅក្នុងកិច្ចប្រជុំកំពូលពិសេសសហរដ្ឋអាមេរិក-អាស៊ាន កាលពីខែឧសភា ឆ្នាំ ២០២២ ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក នឹងបង្កើនទ្វេដង នូវទំហំនៃកម្មវិធី YSEALI នៅក្នុងរយៈពេល ៣ឆ្នាំដោយធ្វើឱ្យមេដឹកនាំថ្មីៗចំនួន៩០០ នាក់ បានទទួលផលល្អពីឱកាសទាក់ទងនឹងអាជីពការងារ និងការសិក្សាស្រាវជ្រាវ របស់ YSEALI នៅរាល់ឆ្នាំ។ ទន្ទឹមនេះ យុវជននៅកម្ពុជា និងនៅទូទាំង តំបន់អាស៊ីអាគ្នេយ៍ក៏នឹងចូលរួមផងដែរ នៅក្នុងកិច្ចប្រជុំកំពូលរបស់ YSEALI ពីថ្ងៃទី០៦ ដល់ថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២២នៅរាជធានីភ្នំពេញ។
សូមជម្រាបជូនថា ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ YSEALI គឺជាកម្មវិធីសំខាន់មួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីពង្រឹងភាពជាដៃគូជាមួយមេដឹកនាំថ្មីៗ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍បង្កើនជំនាញរបស់គេក្នុងនាមជាអ្នកជំរុញដ៏ល្អ ក្នុងកិច្ចការនៃការចូលរួមរបស់ពលរដ្ឋ សេដ្ឋកិច្ច និងកិច្ចការមិនមែនរដ្ឋាភិបាល នៅក្នុងតំបន់ និងដើម្បីលើកទឹកចិត្តពួកគេ ឱ្យធ្វើការជាលក្ខណៈ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់។ កម្មវិធី YSEALI រួមបញ្ចូលប្រទេសជាសមាជិកអាស៊ានទាំង ១០ (ប្រទេសព្រុយណេ, កម្ពុជា, ឥណ្តូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបូរី, ថៃ និងប្រទេសវៀតណាម) ព្រមទាំងប្រទេសទីម័រខាងកើតដែលមេដឹកនាំអាស៊ានបានយល់ព្រមឱ្យចូលជារដ្ឋសមាជិកទី ១១ នៃសមាគមនេះ ទៅអនាគត កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២២៕ដោយ៖ គង់ សេដ្ឋាមុនី