ភ្នំពេញ៖ ខណៈមានប្រទេសមួយចំនួនបានផ្តល់ជំនួយជាសព្វាវុធ ឬឧបករណ៍ចម្បាំងផ្សេងៗឲ្យទៅអ៊ុយក្រែនដើម្បីតតាំងជាមួយរុស្ស៊ីនោះ គឺកម្ពុជាគ្មានបំណងផ្ដល់ជំនួយយោធា អាវុធ និងគ្រាប់ទៅឱ្យអ៊ុយក្រែននោះទេ។ នេះជាការបញ្ជាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។
ការមានប្រសាសន៍បែបនេះរបស់សម្តេចតេជោ ក៏ដើម្បីឆ្លើយតបទៅមតិមួយចំនួនបានលើកឡើងថា កម្ពុជា គ្រោងបញ្ជូនកងទ័ព និងសព្វាវុធ ទៅឱ្យអ៊ុយក្រែន ។
សម្តេចតេជោបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននាព្រលប់ថ្ងៃ១៣ វិច្ឆិកាថា កម្ពុជា គ្មានអាវុធ ឬគ្រាប់ ហើយក៏គ្មានចេតនា ដើម្បីនឹងបញ្ជូនទៅជួយប្រទេសណាទាំងអស់ ដោយមិនយកសាំងទៅចាក់លើភ្លើងទេ ។
សម្ដេចតេជោថា «បើទោះបីយើងមានអាវុធ គ្រាប់ ក៏យើងមិនបញ្ជូនទៅកាន់ប្រទេសណាទាំងអស់ ព្រោះយើងមិនលើកទឹកចិត្ត ឲ្យមានការបាញ់គ្នាទេ» ៕ ដោយ៖ រិន ចំរើន