សម្តេចតេជោ សោកស្តាយដែលរដ្ឋមន្ត្រីការបរទេស រុស្ស៊ី និងអ៊ុយក្រែន មិនបានជួបសន្ទនាគ្នា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញការសោកស្តាយចំពោះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គី ឡារ៉ូវ (Sergey Larov) និងរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmytro Kuleba) មិនបានជួបសន្ទនាគ្នា ដើម្បីជជែកបញ្ចប់សង្គ្រាម ពេលមកចូលរួមកិច្ចប្រកំពូលអាស៊ាននៅកម្ពុជា។

មុនឈានមកដល់កិច្ចប្រជុំកំពូលអាស៊ានប៉ុន្មានថ្ងៃ ខណៈប្រមុខការទូតរុស្ស៊ីនិងអ៊ុយក្រែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន បានបង្ហាញចេតនាចង់ឲ្យភាគីទាំង២ជួបសន្ទនា ដើម្បីអាចមានដំណោះស្រាយណាមួយ ប៉ុន្តែក្តីបំណងនេះមិនសមប្រកបឡើយ។

ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី១៣ វិច្ឆិកា ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោ បានមានប្រសាសន៍ថា ក្នុងពេលជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន សម្តេចបានផ្តួចផ្តើមចង់ឲ្យមានការជួបសន្ទនាជាមួយនឹងរដ្ឋមន្ត្រីការបរទេសរុស្ស៉ី ដែលមានវត្តមាននៅកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំអាស៊ាននៅភ្នំពេញ ប៉ុន្តែភាគីទាំង២មិនបានជួបគ្នានោះឡើយ។

សម្តេចតេជោបញ្ជាក់ថា «អំពីគំនិតផ្តួចផ្តើមអ៊ុយក្រែន ខ្ញុំបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនថា ឯកឧត្តមគួរពិចារណា មើលទាន់រដ្ឋមន្ត្រីការបទេសរុស្ស៊ី មកដល់ទីក្រុងភ្នំពេញ គួរមានការជួបសន្ទនាគ្នា បើទោះបីបានលទ្ធផល ឬមិនបានលទ្ធផល វាក៏ជាការបង្ហាញនូវកាយវិការ នៃការសន្ទនាប្រកបដោយការស្ថាបនា ក៏ប៉ុន្តែជាការគួរឲ្យសោគស្តាយដែលទាំង រុស្ស៊ី និងអ៊ុយក្រែន គឺមិនបានជួបគ្នាណាមួយកើតឡើងនៅទីក្រុងភ្នំពេញនោះទេ”។

សម្តេចតេជោបានលើកឡើងទៀតថា គំនិតផ្តួចផ្តើមជាក់លាក់ទាក់ទងនឹងការចរចារវាងរុស្ស៊ី-អ៊ុយក្រែន ដូចជាមិនទាន់មានព្រោះអ្នកទាំងសងខាង ហាក់ដូចជានៅសង្ឃឹមលើការវាយគ្នាយកឈ្នះ យកចាញ់នៅឡើយ ដូច្នេះស្ថានភាពនេះហាក់ដូចជាកំពុងតែសង្ឃឹមទៅលើការប្រើអាវុធ ជាជាងការប្រើប្រាស់ការចរចា។

សម្តេចតេជោបន្តថា ក្នុងគំនិតផ្តួចផ្តើម កិច្ចសន្ទនានានា គឺមិនទាន់ឃើញមានសញ្ញាជាក់លាក់ណាមួយទាក់ទងជាមួយដំណើរការសន្តិភាពទេ តែលេចឡើងទាក់ទិនការរកវិធីដោះស្រាយបញ្ហា ដឹកជញ្ជូនគ្រាប់ធញ្ញជាតិ និងជី ចេញពីអ៊ុយក្រែន ខណៈសម្តេចក៏បានលើកឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ពីបញ្ហានៃការដឹកជញ្ជូនស្រូវសាលី និងជី ចេញពីអ៊ុយក្រែនផងដែរ ព្រោះនៅប្រទេសនោះជាកន្លែងផលិតស្រូវសាលី និងជី ប្រសិនមិនអាចដឹកជញ្ជូនចេញបានទេ បង្កើតទៅជាវិបត្តិស្បៀង។

គួររំលឹកឡើងវិញបន្តិចថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បង្កឡើងដោយមហាអំណាចរុស្ស៊ី បានចាប់ផ្តើមផ្ទុះកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដែលរហូតមកដល់ពេលនេះ មានរយៈពេលជាង១០ខែមកហើយ តែសង្គ្រាមនេះ មិនទាន់បញ្ចប់ឡើយ ហើយបង្កឲ្យមាន វិបត្តិស្បៀងអាហារ និងថាមពលនៅលើពិភពលោកផងដែរ៕ ដោយ៖ រិន ចំរើន