ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជាបានស្នើដល់ភាគីហ្វីលីពីនបង្កើនការនាំចូលរួមអង្ករពីកម្ពុជា និងទាញយកប្រយោជន៍ពីច្បាប់វិនិយោគថ្មីរបស់កម្ពុជាដើម្បីមកធ្វើការកៀរគរអ្នកវិនិយោគមកបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ការស្នើសុំនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគី រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក អែនរីកគេ អេ ម៉ាណាឡូ (Enrique A. Manalo) រដ្ឋមន្រ្ដីការបរទេសហ្វីលីពីន កាលពីថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០២២ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែង ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។
លោក Enrique A. Manalo បានអបអរសាទរដល់កម្ពុជាសម្រាប់ «ភាពជាប្រធានអាស៊ានដ៏ល្អឯក»។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណដល់ហ្វីលីពីន ដែលបានគាំទ្រភាពជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ២០២២នេះ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីការបរទេសទាំងពីរក៏បានចែករំលែកនូវជំនឿជាក់ថា ជំនួបទ្វេភាគីរវាង លោកប្រធានាធិបតីហ្វីលីពីន ហ្វឺឌីណាន់ ម៉ាកូស និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ដើម្បីបន្ថែមសន្ទុះដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី។ រដ្ឋមន្រ្តីការបរទេសទាំងពីរបានរម្លឹកអំពីលទ្ធផលប្រកបដោយផ្លែផ្ការបស់កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីន ដែលធ្វើជាសហប្រធានដោយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកតែវដូរ៉ូ ឡក់ស៊ីន ជេអរ អតីតរដ្ឋមន្រ្ដី ការបរទេសហ្វីលីពីន កាលពីខែធ្នូ ឆ្នាំមុន និងបានលើកទឹកចិត្តឱ្យអនុវត្តន៍កំណត់ ហេតុនៃកិច្ចប្រជុំនោះដែលជាផែនទីបង្ហាញផ្លូវសម្រាប់ភាគីទាំងពីរ ក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្ន។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះកំណើន នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហើយដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិ បត្តិការលើវិស័យ វិនិយោគ និងពាណិជ្ជកម្មទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរ បាន លើកទឹកចិត្តឱ្យភាគីទាំងពីរ ពន្លឿនការចរចាលើសេចក្តីព្រាង កិច្ចព្រមព្រៀងស្តីពីការចៀស វាងការយកពន្ធត្រួតគ្នា។
ក្នុងជំនួបលោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានស្នើភាគីហ្វីលីពីនបង្កើនការនាំចូលអង្ករ និងទាញយកប្រយោជន៍ពីច្បាប់ វិនិយោគថ្មីរបស់កម្ពុជា ដែលផ្តល់នូវការលើកទឹកចិត្តច្រើនជាងមុន សម្រាប់ស្វែងរកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងឧស្សាហកម្មកសិ-ម្ហូបអាហារ ជាពិសេសលើកឡើងពីរការជំរុញកិច្ចសហប្រតិបត្តិកា រលើវិស័យទេសចរណ៍។ លោកឧបនាយករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ឱ្យបង្កើនជើងហោះហើរត្រង់ទៅវិញទៅមក រវាងទីក្រុងម៉ានីល-រាជធានីភ្នំពេញ និងរាជធានីភ្នំពេញ-ទីក្រុងម៉ានីល ព្រមទាំងលទ្ធភាព ហោះហើររវាងទីក្រុងសេប៊ូ-សៀមរាប និងសៀមរាប-សេប៊ូ ។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការលើវិស័យការអភិវឌ្ឍធនធានមនុស្ស សន្តិសុខនិងការពារជាតិ កសិកម្ម និងការផ្លាស់ប្តូរ ការគាំទ្រគា្នរវាងប្រទេសទាំងពីរនៅលើឆាកអន្តរជាតិ ក៏ត្រូវបានលើកយកមកពិភាក្សា នៅក្នុងជំនួបនេះ ផងដែរ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាពីវិបត្តិ នៅប្រទេសមីយ៉ាន់ម៉ា ដែលក្នុងឱកាសនោះ លោក ម៉ាណាឡូ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក្នុងឋានៈ ប្រសិតពិសេសរបស់ ប្រធាន អាស៊ានស្តីពីមីយ៉ាន់ម៉ា និងបានបញ្ជាក់ពីការបន្តគាំទ្ររបស់ហ្វីលីពីនចំពោះកិច្ចខិត ខំប្រឹងប្រែងរបស់កម្ពុជា៕ដោយ៖ គង់ សេដ្ឋាមុនី