ភ្នំពេញ ៖ កម្ពុជា និងវៀតណាម ប្រកាសថា មានគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនជាមួយគ្នាពីភ្នំពេញ ទៅក្រុងបាវិត ហើយឆ្លងកាត់ព្រំដែនឆ្ពោះទៅផ្លូវល្បឿនលឿនរបស់វៀតណាមចេញពីម៉ុកបៃ ទៅដល់ក្រុងហូជីមិញ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងជំនួបពិភាក្សាទ្វេភាគីរវាង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ជាមួយលោក Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម នាថ្ងៃទី៨ វិច្ឆិកា ភាគីកម្ពុជា បានស្នើឱ្យភាគីវៀតណាមបញ្ជាក់ឱ្យបានច្បាស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) ដើម្បីអាចធ្វើការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន(ភ្នំពេញ-បាវិត)របស់កម្ពុជា ហើយជាលទ្ធផល ភាគីវៀតណាមសន្យានឹងផ្តល់ព័ត៌មានជាក់លាក់ក្រោយក្រុមការងារបច្ចេកទេសបញ្ចប់នីតិវិធីការងាររៀបចំ។
ដោយឡែក ភាគីវៀតណាម ក៏បានបញ្ជាក់ផងដែរថា ការសិក្សាសមិទ្ធិលទ្ធភាពផ្លូវល្បឿនលឿនរបស់វៀតណាម(ម៉ុកបៃ-ហូជីមិញ) បានបញ្ចប់រួចរាល់ ហើយគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រៀមនឹងអនុវត្តនៅចុងឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដែលស្រដៀងគ្នានេះដែរ ភាគីកម្ពុជាគ្រោងអនុវត្តគម្រោងល្បឿនលឿន (ភ្នំពេញ-បាវិត) នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។
លើសពីនេះ ការងារតភ្ជាប់ផ្លូវដែក បាត់ដឹង-ត្រពាំងស្រែ-ឡុកនីញ-ហូជីមិញ ដែលជាចំណែកមួយនៃខ្សែផ្លូវដែកសិង្ហបុរី-គុនមីង (SKRL) និងការសិក្សាខ្សែផ្លូវដែកថ្មីតភ្ជាប់ភ្នំពេញ-ហូជីមិញ ដោយកាត់តាមបាវិត-ម៉ុកបៃ។ ជាមួយគ្នានេះ ភាគីទាំងពីរបានស្នើឱ្យមានការ រៀបចំក្រុមការងារបច្ចេកទេស និងមន្រ្តីបង្គោល របស់ប្រទេសទាំងពីរ ដើម្បីពិភាក្សារកចំណុចតភ្ជាប់ផ្លូវដែករួមគ្នា។
ជាងនេះទៅទៀត ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងធ្វើការជូនព័ត៌មានអំពីការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរជាមួយផ្លូវដែកសិង្ហបុរី-គុនមិញ(SKRL) ទៅដល់លេខាធិការដ្ឋានអាស៊ាន ផងដែរ៕ ដោយ៖ រិន ចំរើន