ភ្នំពេញ៖ លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន អង្គភាពគ្រប់គ្រងគម្រោង(PMU) កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំដំបូងរបស់ក្រុមការងារ គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ដើម្បីត្រៀមដំណើការបើកការដ្ឋាននៅពេលខាងមុខ ។
កិច្ចប្រជុំនេះធ្វើឡើងដោយមានការ ចូលរួមពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និងសមាជិកសមាជិកាក្រុមការងារបច្ចេកទេសអនុវត្តគម្រោង(PIU)ដើម្បីពិភាក្សាលើ ការប្រកាសសមាសភាពសមាជិក សមាជិកាក្រុមការងារអង្គភាពគ្រប់គ្រងគម្រោង (PMU) និងអង្គភាពអនុវត្តគម្រោង(PIU) ដែល បានកែសម្រួលថ្មី ក៏ដូចជាដើម្បីបង្កើនទំនាក់ទំនងឱ្យបានជិតស្និទ្ធ និងកិច្ចសហការល្អសំដៅជំរុញ ឱ្យការអនុវត្តគម្រោងបានកាន់តែប្រសើរ។
លោកប៉ាល់ ចន្ទតារា បានណែនាំឱ្យក្រុមហ៊ុនអនុវត្តគម្រោងត្រៀមរៀបចំការងារមួយចំនួនឱ្យបានរួចរាល់មុនការបើកការដ្ឋាននាពេលឆាប់ៗខាងមុខដោយក្នុងនោះមានការរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ ផ្ទាំងប៉ាណូបង្ហាញការដ្ឋាន ជាពិសេស ការជួសជុលថែទាំផ្លូវដែលកំពុងរងការខូចខាតជាបណ្ដោះអាសន្នដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ និងបានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំពិភាក្សាលើកត្តា ប្រឈមដែលអាចកើតមានក្នុងការអនុវត្តគម្រោង បន្ទាប់ពីក្រុមការងារបានចុះត្រួតពិនិត្យស្ថានភាពផ្លូវជាក់ស្តែងចំនួន២លើកកន្លងមក។
បន្ថែមពីលើនេះ លោកក៏បានសំណូមពរឱ្យសមាជិកសមាជិកក្រុមការងារគម្រោង ទាំងមូលយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ជាពិសេសបន្តទំនាក់ទំនង និងកិច្ចសហការល្អ ដើម្បីគម្រោងស្ថាបនាធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៣៣ ពីទីរួមខេត្តកំពត ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) មានគុណភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង៕ ដោយ៖ ពុទ្ធិពល