ទីក្រុងចំនួន៧៣នឹងមកចូលរួមកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២២ នេះ ទីក្រុងចំនួន ៧៣ មកពីតំបន់ និងពិភពលោក បានឯកភាពចូលរួម កិច្ចប្រជុំអភិបាលក្រុងអាស៊ាន ដែលហៅថា AMF , កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ ដែល គ្រោងនឹងធ្វើឡើងនៅរាជធានីភ្នំពេញ នាដើមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែវិច្ជិកាឱ្យដឹង ថា សម្រាប់កិច្ចប្រជុំអភិបាលក្រុងអាស៊ាន ដែលហៅថា AMF និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២ ជាគម្រោងនឹងធ្វើឡើងនៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញ ។

លោកថ្លែងថា៖ «ក្នុងនាមយើងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ យើងត្រូវរៀបចំវេទិកានេះឱ្យបានម៉ត់ចត់»។
បើតាម លោក នួន ផារ័ត្ន គិតមកដល់ពេលនេះ មានទីក្រុងចំនួន៧៣ហើយ ដែលកម្ពុជាបានអញ្ជើញឱ្យមកចូលរួម នៅក្នុងកិច្ចប្រជុំនេះ និងក៏បាននិងកំពុងអញ្ជើញអភិបាលក្រុងធំៗ ជាបន្តបន្ទាប់ទៀតផងដែរ។ ភាពចំណេញពីកិច្ចប្រជុំអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC គឺបានផលពីការចែករំលែកបទពិសោធន៍រវាងទីក្រុង និងទីក្រុង ពិសេសធ្វើឱ្យទីក្រុងមានភាពធន់ ទីក្រុងស្អាត និងជាក្រុងមានភាពឆ្លាតវៃជាដើម។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ថ្លែងថា ចំពោះមុខនេះ ដើម្បីឱ្យដំណើរនៃកិច្ចប្រជុំខាងលើ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ និងកិច្ចប្រជុំកំពូលពាក់មួយចំនួនទៀត ។

លោកបន្តថា ប្រធានគណៈបញ្ជាការរដ្ឋបាលខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អបំផុត ពិសេសការដាក់កម្លាំង ដើម្បីត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនឹងការពិនិត្យរដ្ឋបាលនៅតំបន់ស្មុកស្មាញឱ្យបានខ្លាំងក្លា ព្រោះថាសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នឹងមានមេដឹកនាំប្រទេសមហាអំណាចជាច្រើនរូប មានទាំងចិន អាមេរិក រុស្ស៊ី ជាដើមនឹងមកចូលរួមនៃកិច្ចប្រជុំនេះ។

ជាមួយគ្នានេះលោក បានបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំង និងអាជ្ញាធរទាំងអស់ត្រូវរឹតបន្តឹងសន្តិសុខឱ្យបានខ្លាំងក្លាបំផុត ដាច់ខាតមិនឱ្យភាគីណាមួយមកបំផ្លាញកិច្ចប្រជុំកំពូលអាស៊ាននេះបានឡើយ៕ ដោយ៖ ពុទ្ធិពល