ភ្នំពេញ៖ លោក អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន គូស បញ្ជាក់ថា នៅប្រទេសកម្ពុជា ៨៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់ បានដឹងពី ស្ថាន ភាពរបស់ខ្លួន ក្នុងចំណោមអ្នកដែលដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍៩៩ភាគរយ បានធ្វើរោគវិនិច្ឆ័យ និងទទួលការព្យាបាល និង ៩៧ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ ដែល បានទទួលការព្យាបាលមានអត្រាមេរោគដែលត្រូវបានបង្ក្រាប។ ការគូសបញ្ជាក់នេះ
ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
លោកទេសរដ្ឋមន្ត្រី អៀង មូលី បានមានប្រសាសន៍បន្ថែមថា ការ រាល ដាលមេរោគអេដស៍បាននិងកំពុងបន្តពីចំណោមប្រជាជនចំនួន ១១ ០០០ នាក់ (ក្នុង នោះ មានប្រជាជនគន្លឹះ និងដៃគូរបស់គាត់) ដែលមិនទាន់បានធ្វើតេស្ត និងព្យាបាល នៅ ក្នុងប្រព័ន្ធថែទាំសុខភាព។ លោកទេសរដ្ឋមន្ត្រីបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បាន ប្តេជ្ញាចិត្តសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ និងធានាថា ការឆ្លងថ្មីនៃមេរោគ អេដស៍ មាន ចំនួនតិចជាង៣០០ករណីក្នុងមួយឆ្នាំៗ នៅឆ្នាំ២០២៥។ លោកទេសរដ្ឋមន្ត្រី បន្ដថា ការឆ្លើយតបរបស់ ប្រទេសកម្ពុជាចំពោះការរាលដាលនៃមេរោគអេដស៍ ត្រូវបាន ចាត់ ទុកថា ជារឿងជោគជ័យមួយនៅក្នុងតំបន់ និងក្នុងពិភពលោក។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងរយៈពេលពីរឆ្នាំ កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជាក៏រងផលប៉ះពាល់ពីជំងឺ កូវីដ-១៩ ក្នុងអំឡុងពេលរាតត្បាតផងដែរ ជាមួយនឹងការអនុវត្តវិធានការបិទខ្ទប់ និងវិធានការកាត់ បន្ថយផលវិបាកផ្សេងៗទៀត ដែលកម្រិតយ៉ាងខ្លាំងដល់សមត្ថភាពក្នុងការធ្វើ សកម្មភាព បង្ការ និងធ្វើតេស្តមេរោគអេដស៍ដែលមានរយៈពេលយូរ ដូចជាការចុះអប់រំផ្ទាល់ និងការ ងារសហគមន៍ជាដើម។ លោកបានបញ្ជាក់បន្ថែមថា ជាមួយនឹងការបន្ធូរបន្ថយ វិធាន បិទខ្ទប់ ក្នុងសម័យកាលដែលការរាលដាលជំងឺ COVID-19 បានថមថយ និងធូរស្រាល មាន អន្តរាគមន៍អាទិភាពមួយត្រូវបានធ្វើឡើងនៅថ្នាក់ជាតិក្នុងរយៈពេល ៧ខែកន្លងមកនេះ។
សូមជម្រាបជូនថា គោលបំណងសិក្ខាសាលាថ្ងៃនេះ ផ្តោតលើការគាំទ្រដល់ការ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាពិសេសលើការ ពង្រឹងប្រព័ន្ធប្រទេស នៅ ខេត្តដែលកំពុងអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតប នឹង មេរោគអេដស៍ និងជំងឺអេដស៍ និងនៅខេត្តផ្សេងៗទៀត៕ដោយ៖ គង់ សេដ្ឋាមុនី