សម្តេចតេជោ ចូលរួមរំលែកទុក្ខទៅរដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងសោកនាដកម្មរត់ជាន់គ្នាស្លាប់ជិត២០០នាក់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខទៅលោកយុន ស៊កយ៉ល ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ចំពោះឧបទ្ទវហេតុសោកនាដកម្ម បណ្តាលឲ្យស្លាប់ជិត២០០នាក់ និងរបួសជិត៣០០នាក់ នាពិធីបុណ្យបែបបច្ចឹមប្រទេសដែលគេហៅថា Halloween ក្នុងទីក្រុងសេអ៊ូល។

ចំពោះឧបទ្ទវហេតុសោកនាដកម្មនៃការរត់ជាន់គ្នារបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូងនេះ កើតឡើងនៅខណ្ឌអ៉ីថេវ៉ុន ក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

យោងតាមសារលិខិតចូលរួមរំលែកមរណទុក្ខរបស់សម្តេចតេជោ ផ្ញេីជូនប្រធានាធិបតីកូរ៉េខាងត្បូង នាថ្ងៃទី៣០ តុលា បានឲ្យដឹងថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែល បាត់បង់មនុស្សជាទីស្រឡាញ់។ ខណៈដែលកម្ពុជានៅជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំសូមជូនពរឲ្យអ្នកដែលរងរបួសទាំងអស់ឆាប់បានជាសះស្បើយ»។

គួរឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ តុលា ប្រជាជន ពលរដ្ឋកូរ៉េខាងត្បូង ជាពិសេសយុវវ័យប្រមាណជា ១០ម៉ឺននាក់ កំពុងដើរលេងកម្សាន្តពេលរាត្រី នៃទីក្រុងសេអ៊ូល ដើម្បីអបអរពិធីបុណ្យ Halloween ក៏បានកើតមានហេតុការណ៍រត់ជាន់គ្នាកើតឡើង៕ ដោយ៖ រិន ចំរើន

រូបភាពនាពិធីបុណ្យបែបបច្ចឹមប្រទេសដែលគេហៅថា Halloween ក្នុងទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។