ព្រះមហាក្សត្រ ទ្រង់ត្រាស់បង្គាប់តែងតាំង បណ្ឌិត សុក ស៊ីផាន់ណា ជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ត្រាស់បង្គាប់ តែងតាំង បណ្ឌិត សុក ស៊ីផាន់ណា ជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា។

បើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឡាយព្រះហស្ដលេខា ដោយព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ត្រាស់បង្គាប់ តែងតាំង បណ្ឌិត សុក ស៊ីផាន់ណា ជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា «បណ្ឌិតសភាចារ្យ»។

បណ្ឌិត សុក ស៊ីផាន់ណា ទទួលការតែងតាំងនេះ យោងតាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ន បណ្ឌិត សុក ស៊ីផាន់ណា ជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាមេធាវី ព្រមទាំងជាស្ថាបនិកនៃការិយាល័យមេធាវីសុកស៊ីផាន់ណានិងសហការី។

សូមបញ្ជាក់ជូនថា បណ្ឌិត សុក ស៊ីផាន់ណា ទទួលបានសញ្ញាប័ត្របណ្ទិតច្បាប់ (Juris Doctor) ពីសាកលវិទ្យាល័យច្បាប់ Widener នៃរដ្ឋ Delaware សហរដ្ឋអាមេរិក, បណ្ឌិតច្បាប់ពីសាកលវិទ្យាល័យច្បាប់ បន (Bond) នៃរដ្ឋ Queensland ប្រទេសអូស្ត្រាលី, និងបណ្ឌិតច្បាប់ពីសាកលវិទ្យាល័យប៉ារីស ២ Pantheon – Assas ប្រទេសបារាំង៕ ដោយ៖ ឆឹម ទិត